អត់​ដឹង​ម៉េច​សក់​ចេះ​តែជ្រុះ​ឡើង​ឃើញ​តែ​ស្បែកក្បាល សាក​អាន​អត្ថបទ​នេះ

  • 2018-03-22 04:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មិន​តិច​ទេ ទាំង​ប្រុស​ទាំង​ស្រី​កំពុង​ជួប​បញ្ហា​រឿង​ជ្រុះ​សក់​នេះ បើ​ទោះ​ខ្លះ​ប្ដូរ​សាប៊ូ​កក់​សក់ ឡើង​អស់​ពី​ផ្សារ ហើយ​រត់​រក​ពេទ្យ​ជំនាញ​ឲ្យ​ជួយ​ក៏​ដោយ ក៏​នៅ​តែ​ជួយ​មិន​បាន។ ខ្លះ​ជ្រុះ​សក់​ឡើង​ស្ដើង​មើល​ឃើញ​តែ​ស្បែក​ក្បាល។

អ្វី​ក៏​ដោយ មាន​ហេតុ គឺ​មាន​ផល។ ចង់​កាត់​បន្ថយ​បញ្ហា​នេះ ត្រូវ​ដឹង​មូល​ហេតុ​ម៉េច​បាន​សក់​ជ្រុះ​មុន​សិន។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ធ្វើ​ឲ្យ​សក់​ជ្រុះ និងវិធី​ការពារ៖

១. តាន​តឹង​ផ្នែក​រាង​កាយ

របួស​រាង​កាយ​មួយ​ចំនួន ដូចជា វះ​កាត់ គ្រោះ​ថ្នាក់​ចរាចរណ៍ ជំងឺ​ធ្ងន់ធ្ងរ ឬ​សូម្បី​តែ​ជំងឺ​គ្រុន​ផ្ដាសាយ​ក៏​អាច​បណ្ដាល​ឲ្យ​សក់​ជ្រុះ​បាន​ដែរ។ ប៉ុន្តែ ក្នុង​ករណី​នេះ សក់​នឹង​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ ពេល​រាង​កាយ​ជា​សះ​ស្បើយ។

២. តាន​តឹង​ក្នុង​អារម្មណ៍

បញ្ហា​ជីវិត ការងារ ប្រឡង ឬ​បាក់​ទឹក​ចិត្ត ក៏​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​លូត​លាស់​របស់​សក់​ផង​ដែរ ប៉ុន្តែ​ជ្រុះ​សក់​ដែល​បណ្ដាល​មក​ពី​ភាព​តាន​តឹង​នេះ មាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ បើ​អារម្មណ៍​អ្នក​ល្អ​ប្រសើរ​ឡើង​វិញ។

៣. មាន​ផ្ទៃ​ពោះ

មាន​ផ្ទៃ​ពោះ ជា​ឧទាហរណ៍​មួយ​នៃ​ភាព​តាន​តឹង​ផ្នែក​រាង​កាយ ដែល​អាច​បណ្ដាល​ឲ្យ​ជ្រុះ​សក់ ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ប៉ុន្តែ​បន្ទាប់​ពី​សម្រាល​កូន​រួច អ័រម៉ូន​នឹង​ត្រលប់​មក​កម្រិត​ធម្មតា ហើយ​សក់​នឹង​ត្រឡប់​ទៅ​សភាព​ដើម​វិញ។

៤. ខ្វះ​ប្រូតេអ៊ីន

កង្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​លូត​លាស់​របស់​សក់ ឬ​អាច​ឲ្យ​សក់​ជ្រុះ​បាន ហើយ​បញ្ហា​នេះ​អាច​កើត​ឡើង​ប្រហែល ២-៣ ខែ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ប្រូតេអ៊ីន​ក្នុង​រាង​កាយ។ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​មាន សាច់​គោ-មាន់-ទា សាច់​ជ្រូក (ចំឡក) គ្រឿង​សមុទ្រ ទឹក​ដោះ​គោ (ជូរ) ស៊ុត សណ្ដែក​ខៀវ សណ្ដែក​សៀង ជា​ដើម។

៥. បញ្ហា​សុខភាព

ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺ​ទឹក​នោម​ផ្អែម កង្វះ​ជាតិ​ដែក និង​ជំងឺ​ស្លេក​ស្លាំង ក៏​បណ្ដាល​ឲ្យ​សក់​ជ្រុះ​ផង​ដែរ តែ​ពេល​ជំងឺ​ទាំង​នេះ ព្យាបាល​សះ​ស្បើយ សក់​នឹង​ដុះ​ត្រលប់​មក​វិញ។

៦. ថ្នាំ​គីមី

ថ្នាំ​មួយ​ចំនួន​ដែល​គេ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក អាច​បណ្ដាល​ឲ្យ​សក់​របស់​អ្នក​ជ្រុះ​ផង​ដែរ។

ក្រៅ​ពី​លក្ខខណ្ឌ​ទាំង​អស់​នេះ មាន​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន បណ្ដាល​ឲ្យ​សក់​ជ្រុះ ដូចជា កក់​សក់​ញឹក​ញាប់​ពេក ចង​សក់​តឹង​ពេក ផ្លុំ​សម្ងួត​សក់​រាល់​ថ្ងៃ កៀប កិប អ៊ុតសក់ និង​មូរ​សក់​ដោយ​ម៉ាស៊ីន​កម្ដៅ ជាដើម។

ដើម្បី​ការពារ និង​កាត់​បន្ថយ​សក់​ជ្រុះ អ្នក​ត្រូវ៖

  • ញ៉ាំ​អាហារ​សម្បូរ​វីតាមីន A, B, C, E ប្រូតេអ៊ីន ជាតិ​ដែក
  • កុំ​កក់​សក់​ដោយ​ទឹក​ក្ដៅ ឬ​ទឹក​ក្ដៅអ៊ុនៗ
  • កុំ​កក់​សក់​ញឹកញាប់​ពេក
  • ប្រើ​ក្រែម​បន្ទន់​សក់​ធម្មជាតិ ដូចជា ខ្ទិះ​ដូង ឬ​ប្រេង​ដូង ដើម្បី​ជួយ​សក់​មាន​សំណើម និង​ការពារ​កុំ​ឲ្យ​ខូច
  • ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់
  • ថែ​ទាំ​ស្បែក​ក្បាល​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ ហើយ​ជៀសវាង​ផ្សែង​កខ្វក់ និង​ធូលី​ដី។ បើ​កខ្វក់ ហើយ​ស្បែក​ក្បាល​ឡើង​ញើស​ច្រើន ត្រូវ​កក់​សម្អាត​សក់។
  • កាត់​តម្រឹម​សក់​ក៏​ជា​វិធី​មួយ​ល្អ​ផង​ដែរ សម្រាប់​ការពារ​ជ្រុះ​សក់
  • កុំ​ចង​សក់​តឹង​ពេក
  • កុំ​សិត​សក់ ពេល​សក់​សើម
  • កុំ​ផ្លុំ​សម្ងួត​សក់​រាល់​ថ្ងៃ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​សប្ដាហ៍ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព​ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទពេញនិយម