៨​ យ៉ាង​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​មាន​សុខភាព​ល្អ ទោះ​ជា​អ្នក​មិន​គិត​ដូច្នោះ​ក៏​ដោយ

  • 2018-03-20 01:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​សម័យ​បច្ចុប្បន្ន សារធាតុ​គីមី​ជា​ច្រើន ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ចំណី​អាហារ មនុស្ស​គ្រប់​គ្នា​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ផ្ទាល់​ខ្លួន។ ស្តង់ដារ​នៃ​ការ​រស់នៅ របប​អាហារ ការ​ហាត់​ប្រាណ កំពុង​តែ​ជា​ទី​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ដែល​ស្រឡាញ់​សុខភាព។ សញ្ញា ៨ យ៉ាង​ខាង​ក្រោម​បញ្ជាក់​ថា​សុខភាព​អ្នក​ល្អ​ខ្លាំង​ណាស់ ហើយ​អ្នក​គួរ​ឈប់​គិត​ច្រើន​ទៀត​ទៅ៖

១.អ្នក​ញ៉ាំ​តែ​ពេល​ឃ្លាន ហើយ​មិន​ដែល​ញ៉ាំ​ច្រើន​​ជ្រុល​ឡើយ

អ្នក​មិន​យក​ការ​ញ៉ាំ ដើម្បី​បំបាត់​ភាព​ធុញថប់ ឯកា ឬ​ពិបាក​ចិត្ត​នោះ​ទេ។ ម៉្យាង​វិញ​ទៀត អ្នក​ក៏​មិន​ដែល​ញៀន​ជាមួយ​ការ​ញ៉ាំ​អាហារ​ខ្លាំង រហូត​មិន​អាច​គ្រប់គ្រង​ចំណង់​ខ្លួន​ឯង​បាន​​​នោះ​ឡើយ។

២.ប្រកាន់​ខ្ជាប់​របប​អាហារ​សុខភាព​ជា​ប្រចាំ

អ្នក​ញ៉ាំ​អាហារ​ដែល​មាន​ឱជារស​ច្រើន​មុខ ចម្រុះ​គ្រប់​ប្រភេទ​ជា​ប្រចាំ។ ទោះ​ជា​រវល់​ប៉ុណ្ណា​ក៏​អ្នក​មិន​ដែល​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ឡើយ។ អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព អ្នក​មិន​ដែល​យក​ខ្លួន​បៀត​នោះ​ទេ។

៣.ដឹង​ថា​រាងកាយ​ខ្លួន​ត្រូវការ​អាហារ​កម្រិត​ណា

គ្មាន​រូបមន្ត​ឯណា​អាច​គណនា​ឃើញ​ជាក់លាក់​ថា​អ្នក​គួរ​ញ៉ាំ​ប៉ុណ្ណា ដើម្បី​បំពេញ​តម្រូវការ​រាងកាយ​ឲ្យ​គ្រប់គ្រាន់​នោះ​ទេ។ ហេតុនេះ​​ប្រសិន​​អ្នក​ស្គាល់​ខ្លួន​ឯង​ច្បាស់​ដឹង​ថា កម្រិត​អាហារ​ប៉ុណ្ណា​អាច​​រក្សា​ថាមពល​ឲ្យ​មាន​ស្ថិរភាព វា​ពិត​ជា​រឿង​ប្រសើរ​ខ្លាំង​ណាស់។

៤.ដក​ដង្ហើម​ធម្មតា ពេល​ឡើង​ជណ្ដើរ​ជើង

មិន​មែន​ទាល់​តែ​អ្នក​ហាត់​ប្រាណ លេង​កីឡា​ជា​ប្រចាំ ទើប​អាច​មាន​សុខភាព​ល្អ​នោះ​ទេ។ ជា​ឧទាហរណ៍ ប្រសិន​រាល់​ពេល​អ្នក​ឡើង​ជណ្ដើរ អ្នក​មិន​មាន​អាការៈ ហត់ ដង្ហក់ ពិបាក​ដក​ដង្ហើម មាន​ន័យ​ថា​សុខភាព​អ្នក​ពិត​ជា​រឹងមាំ​ល្អ​ណាស់ ដូច្នេះ​អ្នក​​មិន​ចាំបាច់​ព្រួយ​បារម្ភ​​ច្រើន​ឡើយ។

៥.បម្រែបម្រួល​អារម្មណ៍​អ្នក​មាន​គ្រប់​សព្វ តាំង​ពី​​ក្រៀមក្រំ រហូត​ដល់​រំភើប​ខ្លាំង

ប្រសិន​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​ខឹង ក្រៀមក្រំ មួម៉ៅ រីករាយ រំភើប រំជើបរំជួល ផ្លាស់ប្ដូរ​ញឹកញាប់​​​​ចុះ​ឡើង​ៗ មាន​ន័យ​ថា​សុខភាព​ផ្លូវ​ចិត្ត​ពិត​ជា​ល្អ ប្រក្រតី​ខ្លាំង​ណាស់។

៦.អ្នក​អាច​ក្រោក​ពី​គេង​បាន​​ពី​ព្រលឹម ដោយ​មិន​ត្រូវការ​ជំនួយ​ពី​ម៉ោង​រោទ៍

ជា​រៀងរាល់​យប់​ អ្នក​តែង​គេង​លក់​ស្រួល គ្រប់គ្រាន់ ដូច្នេះ​អ្នក​មិន​មាន​ការ​លំបាក​ក្នុង​ការ​ក្រោក​ពី​ព្រលឹម​​ឡើយ។ ជា​ទម្លាប់​ឲ្យ​តែ​ដល់​ម៉ោង​ត្រូវ​ក្រោក គឺ​អ្នក​ដឹង​តែ​ភ្ញាក់​ទាន់​ពេល​ជានិច្ច។

៧.អ្នក​មិន​ដែល​គេង​លក់​ភ្លាមៗ​ទេ

យូរ​ៗ​ម្ដង អ្នក​អាច​គេង​លក់​ភ្លាម ពេល​ដាក់​ក្បាល​ដល់​​ខ្នើយ ព្រោះ​តែ​នៅ​ពេល​ថ្ងៃ​អ្នក​អស់​កម្លាំង​ខ្លាំង​ពេក ប៉ុន្តែ​​វា​មិន​មែន​ជា​ទម្លាប់​ជា​ប្រចាំ​របស់​អ្នក​ទេ។ ជា​ទូទៅ​អ្នក​តែងតែ​ចំណាយ​ពេល​ពី​ចន្លោះ ១០ ទៅ ២០ នាទី​ដើម្បី​គេង​លក់ យ៉ាង​ស្ងប់​ចិត្ត​បំផុត ហើយ​នេះ​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​សុខភាព។

៨.អ្នក​មាន​ថាមពល​គ្រប់គ្រាន់ ដើម្បី​ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត

ដេក ញ៉ាំ ធ្វើ​ការ គឺ​ជា​វដ្ដ​ជីវិត​វិល​ចុះ​វិល​ឡើង​សម្រាប់​មនុស្ស​គ្រប់​គ្នា ដូច្នេះ​ប្រសិន​ក្រៅ​ពី​កិច្ចការ​ចាំបាច់​ទាំង​នេះ​ហើយ អ្នក​អាច​នៅ​មាន​ថាមពល​គ្រប់គ្រាន់ រីករាយ​ជាមួយ​ជីវិត​ខ្លួន​ឯង​បន្ថែម​ដូចជា ប្រលែង​លេង​ជាមួយ​កូន​ៗ ជួបជុំ​មិត្តភ័ក្ដិ លេង​ជាមួយ​សត្វ​ចិញ្ចឹម មាន​ន័យ​ថា​​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​អ្នក​ពិត​ជា​ល្អ​ខ្លាំង​មែន​ទែន៕

ចុចអាន៖រោគសញ្ញា​គ្រោះថ្នាក់​​ ៧​ យ៉ាង ដែល​​ស្ត្រី​ជា​ច្រើន​មិន​សូវ​អើពើ​

ប្រភព៖ Brightside អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម