ស្រីៗ​ចាស់​មិន​ទាន់ តែ​សក់​ជ្រុះ​ទាំង​ដៃ​ៗ​អាច​មក​ពី​មូលហេតុ​ទាំង​នេះ

  • 2018-04-18 03:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ធម្មតា​ស្ថានភាព​ជ្រុះ​សក់​តែង​កើត​ឡើង​ចំពោះ​ស្ត្រី​វ័យ​កណ្ដាល​ ចាប់​ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ ព្រោះ​ជា​ពេលវេលា​ដែល​រាងកាយ​ចាប់​ផ្ដើម​បាត់​បង់​ការ​លូត​លាស់​។ ប៉ុន្តែ​សម័យ​នេះ ការ​ជ្រុះ​សក់​ច្រើន​កើត​ឡើង​លើ​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់ ជាពិសេស​ចំនួន​ក្មេងៗ​ដែល​ជ្រុះ​សក់​មាន​ការ​កើន​ឡើង​ជាង​មនុស្ស​ចាស់​ផង។ តាម​ការ​សិក្សា​ពី​ស្ត្រី​ជា​ច្រើន​ដែល​ធ្លាប់​មាន​បញ្ហា​សក់​នេះ ឃើញ​ថា​មាន​មូលហេតុ​ចម្បង​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យ​សក់​ចេះ​តែ​ជ្រុះ​រាល់​ថ្ងៃ​។

១-ប្រើ​សាប៊ូ​មិន​ត្រឹម​ត្រូវ

ការ​ប្រើ​សាប៊ូ​ច្រើន​ពេក​ ឬ​តិច​ពេក​រាល់​ពេល​កក់​សក់​គឺ​មិន​ល្អ​សម្រាប់​សុខភាព​ស្បែក​ក្បាល​និង​សក់​ឡើយ។ បើ​ប្រើ​សាប៊ូ​តិច​ពេក វា​នឹង​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ស្ទះ ញើស​មិន​អាច​ចេញ​មក​បាន បណ្ដាល​ឱ្យ​ឫស​សក់​ទៅ​ជា​ទន់​និង​ជ្រុះ​ធ្លាក់​មក​។ ចំណែក​ការ​ប្រើ​សាប៊ូ​ច្រើន​ជ្រុល​នឹង​បណ្ដាល​ឱ្យ​ស្បែក​ក្បាល​និង​សក់​មិន​អាច​បែងចែក​សំណើម​បាន​ត្រឹម​ត្រូវ។ ដោយ​ឡែក ការ​កក់​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ក៏​អាច​ធ្វើ​ឱ្យ​សក់​ទៅ​ជា​ផុយ​និង​បែក​ចុង​បាន​។

២-ស្ត្រេស

អារម្មណ៍​តានតឹង​នឹង​ធ្វើ​ឱ្យ​រាងកាយ​ទាំង​មូល​មាន​សម្ពាធ​។ បន្ថែម​ពី​នេះ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ក្បាល​និង​សក់​ ដែល​ធ្វើ​ឱ្យ​ឫស​ផុយ​ស្រួយ នាំ​ឱ្យ​វា​ងាក​ជ្រុះ​ចុះ​មក​លឿន​ជាង​ធម្មតា។

៣-មាន​ផ្ទៃ​ពោះ

ជា​ធម្មតា​ ស្ត្រី​ក្រោយ​សម្រាល​កូន​​អាច​ជួប​ប្រទះ​ការ​ជ្រុះ​សក់​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​សារ​តែ​​អារម្មណ៍​ស្ត្រេស​ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល​ និង​ការ​ប្រែ​ប្រួល​អរម៉ូន​ក្នុង​រាងកាយ។ ប៉ុន្តែ​អាការៈ​នេះ​អាច​នឹង​បាត់​ទៅ​វិញ ក្រោយ​សម្រាល​កូន​បាន​ប៉ុន្មាន​ខែ បូក​រួម​នឹង​ការ​ថែទាំ​សុខភាព​បាន​ល្អ។

ចុចអាន៖ មាន​តែ​ស្រាបៀ​មួយ​ដប​ព្យាបាល​សក់​បាន​ឡើង​ស្អាត​ទន់​រលាស់​ដូច​សរសៃ​សូត្រ​

៤-របប​អាហារ​គ្មាន​ជីវជាតិ

ជាពិសេស​សម្រាប់​អ្នក​កំពុង​ព្យាយាម​សម្រក​ទម្ងន់​អាច​ជួបបញ្ហា​ជ្រុះ​សក់ ដោយ​សារ​របប​អាហារ​ប្រចាំ​ថ្ងៃ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​។ កង្វះ​ប្រូតេអ៊ីន​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ថយ​ចុះ​នៃ​សុខភាព​ស្បែក​ក្បាល​និង​សក់​ដែល​បណ្ដាល​ឱ្យ​ជ្រុះ​។

៥-លេង​ស្ទីល​ខ្លាំង​ពេក

ការ​កក់​សក់​ញឹក​ពេក ឧស្សាហ៍​លេង​ពណ៌​សក់ ប្រើ​ប្រដាប់​ធ្វើ​សក់​ញឹក​ ក៏​បណ្ដាល​ឱ្យ​សក់​ទៅ​ជា​ជ្រុះ​ទាំង​វ័យ​ក្មេង​ផង​ដែរ។

៦-តំណ​ពូជ

​​កត្តា​មួយ​ទៀត​នៃ​ការ​ជ្រុះ​សក់​គឺ​បណ្ដាល​មក​ពី​តំណ​ពូជ។ គ្រួសារ​ខ្លះ​ជួប​បញ្ហា​ជ្រុះ​សក់​នេះ​តាំង​ពី​ជីដូនជីតា​ត​មក​ដល់​ចៅ​តែ​ម្ដង ទោះ​បី​មិន​បាន​ធ្វើ​រឿង​ខាង​លើ​ក៏​ដោយ​។ ដូច្នេះ​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ស្វែង​រក​វិធី​ព្យាបាល​ចំពោះ​បញ្ហា​នេះ​។

អ្វី​ដែល​គួរ​ធ្វើ​ដើម្បី​បញ្ឈប់​សក់​ជ្រុះ

សម្រាប់​អ្នក​ដែល​មិន​មាន​បញ្ហា​ជ្រុះ​សក់​ដោយ​តំណ​ពូជ​អាច​ងាក​មក​ចាប់​អារម្មណ៍​លើ​ការ​ថែ​រក្សា​សក់​ឱ្យ​បាន​ត្រឹម​ត្រូវ​ដោយ​ខ្លួន​ឯង តាម​រយៈ​វិធី​ខាង​ក្រោម៖

  • កាត់​បន្ថយ​ការ​ប្រើ​ប្រដាប់​ធ្វើ​សក់​ ឬ​ប្រើ​កម្ដៅ​ (ម៉ាស៊ីន​កៀប​ ផ្លុំ មូរ​សក់...)

  • បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន​ C

  • លាប​ប្រទាល​កន្ទុយ​ក្រពើ​លើ​សក់​ដើម្បី​បន្ថែម​សំណើម​និង​មាន​សុខភាព​ល្អ

  • ហាត់​ប្រាណ​ជា​ប្រចាំ

  • ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​

  • ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់៕

ប្រភព៖ menopause ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម