​ជីវិត​នឹង​​​ឆាប់​សម្រេច​គោលដៅ បើ​អ្នក​មាន​មនុស្ស​៦​ប្រភេទ​​នេះ​​ក្បែរ​ខ្លួន ​

  • 2018-03-12 10:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​ដឹង​ឮ​ពី​រឿង​រ៉ាវ​របស់​បុគ្គល​ជោគជ័យ ឬ​អ្នក​ជំនួញ​ល្បី​ៗ​ដូច​ជា Steve Jobs, Elon Musk, Bill Gates, Jack Ma និង​អ្នក​ជា​ច្រើន​ទៀត។ តែ​ការ​ពិត​បុគ្គល​ទាំង​នោះ​ ក៏​​មិន​អាច​ទទួល​ជោគជ័យ​​ដូច​បច្ចុប្បន្ន​ដែរ​ប្រសិន​បើ​ពួក​គេ​គ្មាន​មនុស្ស​ ៦​ប្រភេទ​នេះ​ចូល​មក​ក្នុង​ជីវិត៖

១. ​មនុស្ស​​ដែល​គាំទ្រ​អ្នក

តួនាទី​ចម្បង​របស់​បុគ្គល​ប្រភេទ​នេះ គឺ​ចាំ​ជួយ​ជ្រោមជ្រែង​អ្នក​នៅ​ពេល​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា មិន​ថា​អ្នក​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ណា។ មនុស្ស​ម្នាក់​នោះ​ច្រើន​​ជា​មនុស្ស​ជា​ទី​ស្រឡាញ់ មនុស្ស​សំខាន់ មនុស្ស​ជិតស្និទ្ធ ឬ​មិត្ត​​សូម្បី​តែ​មិត្ត​ចាស់​របស់​អ្នក។ អ្នក​គួរ​រក្សា​មនុស្ស​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន​។

២. មនុស្ស​ដែល​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​អ្នក

មនុស្ស​ប្រភេទ​នេះ​នឹង​ជួយ​ប្រាប់​​ពី​​អ្វី​ដែល​អ្នក​ធ្វើ​យ៉ាង​ត្រង់​​ទៅ​ត្រង់​មក មិន​ថា​រឿង​មុខ​ជំនួញ និង​បញ្ហា​ជីវិត។ គេ​ជា​មនុស្ស​ដែល​ស្គាល់​ពី​អ្នក​ច្បាស់ ហើយ​តែង​និយាយ​ដោយ​បើក​ចំហ​ជាមួយ​អ្នក​ទាំង​ចំណុច​ល្អ និង​ចំណុច​គួរ​កែប្រែ​របស់​អ្នក​ ក្នុង​គោលបំណង​ចង់​ឲ្យ​អ្នក​មាន​ការ​រីក​ចម្រើន។

៣. មនុស្ស​ដែល​ផ្ដល់​ដំបូន្មាន​ដល់​អ្នក

អ្នក​ដែល​ផ្ដល់​ប្រឹក្សា​គឺ​អ្នក​ដែល​អ្នក​​អាច​ទូរសព្ទ ឬ​ផ្ញើសារ​ទៅ​រក​បាន​នៅ​ពេល​ចាំបាច់ ដូច​ជា​សម្រាប់​ការ​សម្រេច​ចិត្ត​​ក្នុង​កិច្ចការ​ធំ​ៗ ការ​សម្រេច​ចិត្ត​រើស​បុគ្គលិក ឬ​ដំបូន្មាន​ផ្សេង​ៗ។ ជាញឹក​ញាប់ ពួក​គេ​តែង​មាន​បទពិសោធន៍​ដែល​ដូច ឬ​ស្រដៀង​គ្នា​ជាមួយ​អ្នក​ ហើយ​បើ​ទោះ​បី​ពេល​ខ្លះ​គេ​មាន​ការ​យល់​ឃើញ​ខុស​ពី​អ្នក ប៉ុន្តែ​ការ​យល់​ឃើញ​ខុស​ប្លែក​នេះ​ហើយ​​គឺ​ជា​គន្លឹះ​មួយ​ដែល​អាច​ឲ្យ​យើង​មើល​ឃើញ​ផ្លូវ​កែលំអ​ខ្លួន​ឯង​បាន។

៤. មិត្ត​រួម​សុខ​រួម​ទុក្ខ រួម​យោបល់

នៅ​ពេល​អ្នក​​មាន​អារម្មណ៍​ទន់​ខ្សោយ មិត្ត​ប្រភេទ​នេះ​នឹង​អាច​បំពេញ​អ្វី​ដែល​បាត់​បង់​របស់​អ្នក ដែល​​ប្រាសចាក​ពី​អ្វី​ដែល​​សង្គម​ភាគ​ច្រើន​ធ្វើ​មក​លើ​យើង។ មនុស្ស​ប្រភេទ​នេះ​មិន​ចាំបាច់​ត្រូវ​ជា​អ្នក​មាន​ហ៊ុន​រក​ស៊ី​ជាមួយ​យើង​ក៏​បាន ប៉ុន្តែ​គឺ​ជា​អ្នក​ដែល​ស្និទ្ធស្នាល និង​យល់​ពី​អ្នក​ច្បាស់។

៥. អ្នក​ដែល​ចាំ​ជួយ​សម្រប​សម្រួល​ការងារ

អ្នក​ប្រកប​មុខ​ជំនួញ​គ្រប់រូប​ត្រូវ​មាន​អ្នក​ដែល​ជា​ភ្នែក ជា​ត្រចៀក ​ចាំ​​ស្ដាប់​នូវ​គំនិត​ផ្សេង​ៗ​របស់​ខ្លួន និង​ផ្ដល់​ការ​យល់​ឃើញ​មក​វិញ​ភ្លាម​ៗ ឬ​ហៅ​ថា​ជា​អ្នក​សម្របសម្រួល​ការងារ​នោះ​ឯង។ ពួក​គេ​គឺ​ជា​អ្នក​ដែល​ចាំ​ជួយ​​នៅ​ក្នុង​កិច្ច​ការងារ​ផ្សេង​ៗ​របស់​អ្នក មាន​គំនិត​ថ្មី​ៗ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ចែក​រំលែក​ដល់​អ្នក។  

៦. មនុស្ស​ដែល​ចាំ​តែ​ប្រមាថ​អ្នក

មនុស្ស​ប្រភេទ​នេះ​នឹង​​ចាំ​តែ​និយាយ​ដដែល​ៗ ថា​​អ្នក​ធ្វើ​អ្វី​មិន​កើត​ខ្លះ ប្រាប់​អ្នក​ថា​អ្នក​មិន​ល្អ​យ៉ាង​ម៉េច​ៗ​ខ្លះ ដែល​ពាក្យ​សម្ដី ឬ​ទង្វើ​ទាំង​នោះ​នឹង​អាច​ជា​កម្លាំង​ជំរុញ​មួយ​សម្រាប់​អ្នក ធ្វើ​ឲ្យ​អ្នក​ចង់​អភិវឌ្ឍ​ខ្លួន​ឯង​ជានិច្ច ដើម្បី​លុបលាង​នូវ​ពាក្យ​សម្ដី​ប្រមាថ​មើល​ងាយ​របស់​ពួក​គេ​បាន។ ដូច្នេះ​ហើយ​តួនាទី​ពួក​គេ​ក៏​សំខាន់​មួយ​ផ្នែក​ដែរ​​ដើម្បី​ឲ្យ​អ្នក​សម្រេច​គោលដៅ ៕

ចុចអាន៖

ប្រភព៖ classroomknowledge ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម