សញ្ញា​ ៨​​យ៉ាង បញ្ជាក់​ថា​អ្នក​នៅ​តែ​មិន​ទាន់​​​កាត់​ចិត្ត​ពី​សង្សារ​ចាស់​បាន​​នៅ​ឡើយ​​

  • 2018-03-12 02:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ស្រឡាញ់​គេ​ខ្លាំង ដូច្នេះ​ក្រោយ​បែក​គ្នា​អ្នក​ក៏​ត្រូវ​ឈឺចាប់​ខ្លាំង​ដូច​គ្នា​​។ ពេល​ខ្លះ​មនុស្ស​ស្រី​ពិត​ជា​មាត់​រឹង​ណាស់ ទោះ​ក្នុង​ចិត្ត​នឹក​គេ នៅ​តែ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា ក៏​មាត់​មិន​ងាយ​និយាយ​ការ​ពិត​ដែរ​។ ត្បិត​តែ​អ្នក​អាច​​​បិទបាំង​ភ្នែក​អ្នក​ដទៃ​បាន​ក៏​ដោយ​ ប៉ុន្តែ​អ្នក​មិន​​អាច​លាក់​ជាមួយ​ខ្លួន​ឯង​បាន​ឡើយ​។ យ៉ាងណាមិញ​​ខាង​ក្រោម​នេះ​ហើយ​ជា​សញ្ញា​៨​យ៉ាង ដែល​បញ្ជាក់​ថា​​អ្នក​នៅ​តែ​មិន​ទាន់​កាត់​ចិត្ត​ពី​សង្សារ​ចាស់​បាន​​នៅ​ឡើយ​ទេ ទោះ​ជា​អ្នក​ប្រឹងប្រែង​ខ្លាំង​យូរ​មក​​ហើយ​ក្ដី​​៖​

១. ស្ដាប់​​បទ​ចម្រៀង នៅ​តែ​នឹក​ដល់​គេ​

គូ​ស្នេហ៍​ណា​ក៏​ដូច​គ្នា តែងតែ​មាន​បទ​​ចម្រៀង​ពិសេសៗ​មួយ​ចំនួន ដែល​ត្រូវ​ជាមួយ​សាច់​រឿង​ខ្លួន​ និង​​តែងតែ​ស្ដាប់​​ជាមួយ​គ្នា ឬ​ច្រៀង​ឲ្យ​គ្នា​​ស្ដាប់​ទៅ​វិញ​ទៅ​មក​។ ប្រសិន​បើ​រាល់​ពេល​អ្នក​ឮ​បទ​ចម្រៀង​នោះ​ អ្នក​នៅ​តែ​ស្រណោះ ហើយ​ទឹក​ភ្នែក​ក៏​ធ្លាក់​ចុះ​ដោយ​មិន​ដឹង​ខ្លួន ច្បាស់​ណាស់​ថា​អ្នក​នៅ​មិន​ទាន់​ឈប់​ស្រឡាញ់​គេ​​ទាំង​ស្រុង​នៅ​ឡើយ​ទេ​។​

រូបតំណាង

**២. ឧស្សាហ៍​រំឭក​​ពី​គេ ស្ទើរ​គ្រប់​ប្រធាន​បទ​នៃ​កិច្ច​សន្ទនា​**

មិន​ថា​និយាយ​គ្នា​រឿង​កីឡា ហ្វេសិន ការ​កម្សាន្ត ទម្លាប់ ​ចំណង់ចំណូលចិត្ត ឬ​រឿងរ៉ាវ​ផ្សេងៗ​ អ្នក​តែងតែ​លើក​យក​ឈ្មោះ​របស់​គេ​មក​និយាយ​ជា​និច្ច​។ ត្បិត​ថា​អ្នក​ប្រើ​ពាក្យ “សង្សារ​ចាស់” មែន ប៉ុន្តែ​មិត្តភក្ដិ​គ្រប់​គ្នា​ដែល​នៅ​ជុំវិញ​អ្នក ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា​អ្នក​នៅ​តែ​ស្រឡាញ់​គេ ដោយសារ​តែ​ទង្វើ​បែប​​នេះ​ឯង​។​

៣. ចង់​ខល​ ឬ​ផ្ញើ​សារ​រក​គេ​

យូរៗ​ម្ដង ជំងឺ​ចាស់​រើ​ឡើង អ្នក​ពិបាក​គ្រប់គ្រង​ខ្លួន​ឯង ព្រោះ​​ក្នុង​ចិត្ត​ពុះ​កញ្ជ្រោល​ចង់​ទាក់ទង​ទៅ​គេ​យ៉ាង​ខ្លាំង​។​ អ្នក​អាច​រក​លេស​សព្វ​គ្រប់​បែប​យ៉ាង ជា​ពិសេស​គឺ​ទៅ​ផឹក​​​ស្រា​​ឲ្យ​ស្រវឹង​ រួច​ក៏​ធ្វើ​ជា​វង្វេងវង្វាន់​ច្រឡំ​ខល​ទៅ​គេ​​ ដើម្បី​រំសាយ​ចិត្ត​នឹក​ខ្លះៗ​ក៏​មាន​។​

៤. តាមដាន​ព័ត៌មាន​​គេ​​ក្នុង​បណ្ដាញ​សង្គម​

ឈ្មោះ​របស់​គេ​ គឺ​នៅ​​ជាប់​កន្លែង​Search​របស់​អ្នក​​ដំបូង​គេ​​តែ​ម្ដង​។ ឲ្យ​តែ​បើក​Facebook​ភ្លាម អ្នក​​ក៏​នឹក​ឃើញ​រូប​​គេ​មុន​គេ ព្រោះ​អ្នក​នៅ​តែ​ចង់​ដឹង​ឮ​រឿងរ៉ាវ​ថ្មីៗ​គ្រប់​យ៉ាង​ដែល​គេ​កំពុង​តែ​ជួប​ប្រទះ​​​ក្នុង​ជីវភាព​​ប្រចាំ​ថ្ងៃ ដូច​ពី​មុន​ដដែល​​។​

៥. ចងចាំ​រឿងរ៉ាវ​ចាស់ៗ​

នៅ​សុខៗ​ស្រាប់​តែ​នឹក​ឃើញ​អនុស្សាវរីយ៍​​ចាស់ៗ​ដូចជា ថ្ងៃ​ដែល​ជួប​គ្នា​ដំបូង ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​​​សារភាព​ស្នេហ៍​ចំពោះ​គ្នា ឬ​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​ឈ្លោះ​គ្នា​ខ្លាំង​ជា​ដើម​។ មួយ​វិញ​ទៀត អ្នក​នៅ​តែ​មាន​អារម្មណ៍​ឯកោ កណ្ដោចកណ្ដែង ទោះ​ជា​កំពុង​ស្ថិត​នៅ​​ជាមួយ​ហ្វូង​មនុស្ស​ជា​ច្រើន​ក៏​ដោយ​។​

រូបតំណាង

៦. ច្រណែន​គូ​ស្នេហ៍​ថ្មី​របស់​​គេ​

អ្នក​ក្លាយ​ជា​តួ​ឈ្នានីស​គូ​ស្នេហ៍​ថ្មី​របស់​គេ​។ ឲ្យ​តែ​មាន​ឧកាស អ្នក​តែងតែ​និយាយ​អាក្រក់ៗ​អំពី​មនុស្ស​ស្រី​ម្នាក់​នោះ​ប្រាប់​គេ​ឯង​។ អ្នក​ប្រៀបធៀប​​ខ្លួន​ឯង ជាមួយ​ម្នាក់​ថ្មី​នោះ​គ្រប់​រឿង​​។ ក្នុង​​ចិត្ត​របស់​អ្នក​ពិត​ជា​ស្អប់​នាង​ ដែល​​ចូល​​មក​ជំនួស​កន្លែង​របស់​​អ្នក​ខ្លាំង​ជា​ទី​បំផុត​។​

៧. គ្មាន​បំណង​ចង់​ជួប​ស្នេហ៍​ថ្មី​

អ្នក​ប្រាប់​ឪពុក​ម្ដាយ សាច់ញាតិ មិត្តភក្ដិ មិន​ឲ្យ​ណែនាំ​​អ្នក​ថ្មី សម្រាប់​អ្នក​ទៀត​​ឡើយ​។ ឲ្យ​តែ​នឹក​ឃើញ​រឿង​​រៀបការ មុខ​របស់​សង្សារ​ចាស់​ផុស​នៅ​ពេញ​ខួ​ក្បាល​អ្នក​តែ​ម្ដង​។ អ្នក​មិន​ចង់​ស្រមៃ​សោះ​ថា តើ​អ្នក​អាច​បន្ត​ជីវិត​គូ​ជាមួយ​បុរស​ណា​ម្នាក់​ក្រៅ​ពី​គេ​បាន​ដែរ​​​ឬ​អត់​។​

រូបតំណាង

៨. ប្រៀបធៀប​អ្នក​ថ្មី ជាមួយ​គេ​

អ្នក​មិន​បាន​ស្រឡាញ់​អ្នក​ថ្មី ដោយ​ចេញ​ពី​ចិត្ត​ឡើយ​។ អ្នក​យក​គេ គ្រាន់​តែ​ដើម្បី​ស្អំ​បេះដូង​របស់​អ្នក​ប៉ុណ្ណោះ ដូច្នេះ​មិន​ថា​គេ​ធ្វើ​អ្វី​ល្អ​ប៉ុណ្ណា​ ក៏​មិន​ដែល​​​​​ត្រូវ​ ឬ​អាច​ឲ្យ​អ្នក​​រំភើប​​ចិត្ត​បាន​ដែរ​។​ អ្នក​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​ខុស ប៉ុន្តែ​អ្នក​ពិត​ជា​គ្មាន​ផ្លូវ​ដើម្បី​បញ្ឈប់​ចិត្ត​ដែល​​តែងតែ​ប្រៀបធៀប​នោះ​បាន​សោះ​​ឡើយ​៕

ចុចអាន៖ចង់​ឲ្យ​មិត្ត​ប្រុស​​ចេះ​ប្រចណ្ឌ​ភ្លាមៗ នារីៗ​គួរ​​ប្រើ​វិធីសាស្ត្រ​ ៤​យ៉ាង​ខាង​ក្រោម

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម