គន្លឹះ​ចិញ្ចឹម​កូន​ឱ្យ​ឆ្លាត ​​សុភាព​រាបសារ មិន​កោង​កាច

  • 2018-03-06 06:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកប្បកិរិយា​របស់​កូន​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ទង្វើ​ទាំង​ឡាយ​របស់​ឪពុក​ម្ដាយ។ មាន​ម្ដាយ​ឪពុក​មួយ​ចំនួន​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន ដោយ​សារ​ការ​រវល់​នឹង​ការងារ​ដែល​បង្កើត​ជា​គម្លាត​ក្នុង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​។ មាន​ការ​ណែនាំ​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប​ជា​ច្រើន​ដែល​អាច​ជួយ​ឪពុក​ម្ដាយ​ថ្មី​ថ្មោង​សាកល្បង ដើម្បី​ជម្រុញ​ខួរ​ក្បាល​កូន​លូតលាស់​បាន​ល្អ និង​ពត់​ចរិយា​មារយាទ​របស់​ពួក​គេ​​ឱ្យ​ប្រសើរ​ឡើង​។

ធ្វើ​គំរូ​សម្រាប់​កូន

ដើម្បី​ឱ្យ​កូន​ធំធាត់​ឆ្លាត និង​មាន​ចរិត​គួរ​ឱ្យ​ស្រឡាញ់ សំខាន់​បំផុត​គឺ​រឿង​ផ្លូវ​ចិត្ត​នេះ​តែ​ម្ដង។ ឪពុក​ម្ដាយ​ដែល​ចង់​ឱ្យ​កូន​មាន​ផ្នត់​គំនិត​សុភាព​រាបសារ គ្មាន​គំនាប​ផ្លូវ​ចិត្ត​ ត្រូវ​តែ​ចេះ​បង្ហាញ​ក្ដី​ស្រឡាញ់​រវាង​គ្នា​នឹង​គ្នា​ឱ្យ​កូន​បាន​ឃើញ​ នោះ​ពួក​គេ​នឹង​រៀន​តាម និង​យល់​ថា​ត្រូវ​រស់​នៅ​ក្នុង​ក្ដី​ស្រឡាញ់​ និង​ចែក​រំលែក។ ផ្ទុយ​ទៅ​វិញ បើ​គេ​ឃើញ​តែ​ជម្លោះ​ ហិង្សា ឬ​បញ្ហា​ប៉ះពាល់​ផ្លូវ​ចិត្ត​ផ្សេងៗ វា​ក៏​នឹង​ក្លាយ​ជា​ផ្នត់​គំនិត​ដែល​ពួក​គេ​ចងចាំ​ ​ដូច​ជា​ចេះ​គំហក ចេះ​ត​មាត់ ចំណែក​ខួរ​ក្បាល​ក៏​មិន​បាន​លំហែ​ឱ្យ​ស្រឡះ​ល្អ​ដែរ។

បំបៅ​ដោះ​កូន

តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​នានា​សុទ្ធ​តែ​ជម្រុញ​ឱ្យ​អ្នក​ម្ដាយ​ព្យាយាម​បំបៅ​ដោះ​កូន​ឱ្យ​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដោយ​សារ​សារធាតុ​ក្នុង​ទឹក​ដោះ​ម្ដាយ​សម្បូរ​ដោយ​ជីវជាតិ​បំប៉ន​​ជា​ច្រើន ដែល​រាងកាយ​ទារក​ត្រូវ​ការ​ជា​ចាំ​បាច់។ ម្យ៉ាង​វិញ​ទៀត ក្រៅ​ពី​ផ្ដល់​សារធាតុ​ចិញ្ចឹម ការ​បំបៅ​ដោះ​កូន​គឺ​ជា​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ភាព​កក់​ក្ដៅ​ដល់​កូន​តូច​។

​ឱ្យ​កូន​គេង​ឱ្យ​បាន​គ្រប់គ្រាន់

​ការ​គេង​គឺ​ជា​កត្តា​សំខាន់់​មិន​ចាញ់​របប​អាហារ​​ប្រចាំ​ថ្ងៃ​ឡើយ។ កាល​ណា​ទារក​គេង​បាន​គ្រប់​គ្រាន់ វា​ជួយ​ឱ្យ​រាង​កាយ​លូត​លាស់​បាន​ល្អ ការ​ចង​ចាំ​ប្រសើរ​ឡើង និង​ឆ្លាត​វៃ។ ការ​គេង​ឱ្យ​បាន​ត្រឹម​ត្រូវ​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ម្ដាយ​ឪពុក​មិន​គួរ​មើល​រំលង​ដែរ ជា​ពិសេស​សម្រាប់​កូន​តូច។ កាល​ណា​គេ​គេង​មិន​ត្រឹម​ត្រូវ​ ឬ​កន្លែង​គេង​មិន​ល្អ ដូច​ជា គ្មាន​អនាម័យ ឬ​មាន​សំឡេង​រំខាន​ខ្លាំង​ វា​ក៏​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ដែរ។

ចុចអាន៖ ​ទម្លាប់​​​ចិញ្ចឹម​កូន​​​បែប​ខុស​ៗ ៤​​​យ៉ាង​​​ធ្វើ​ឲ្យ​កូន​ធំ​ឡើង​​​​​ទំនើង កោង​កាច

ឧស្សាហ៍​​និយាយ​ជាមួយ​កូន

មិន​ចាំបាច់​ទាល់​តែ​កូន​ធំ​ចេះ​និយាយ​ទើប​ត្រូវ​និយាយ​ទៅ​កាន់​ពួក​គេ​នោះ​ទេ។ ការ​និយាយ​ជាមួយ​កូន​ត្រូវ​បាន​គ្រូ​ពេទ្យ​ណែនាំ​ឱ្យ​ធ្វើ​ឡើង​តាំង​ពី​នៅ​ជា​គភ៌​ក្នុង​ផ្ទៃ​មក​ម្ល៉េះ។ ការ​និយាយ​ផ្ទាល់​ជាមួយ​កូន មិន​ថា គភ៌ ទារក ឬ​ជា​កុមារ​ឡើយ វា​នឹង​ជួយ​ឱ្យ​កូន​ឆាប់​យល់​ដឹង​ពី​ភាសា អារម្មណ៍ និង​វិធី​រស់​នៅ​បាន​កាន់​តែ​ងាយ​ស្រួល​។ កូន​ដែល​ឪពុក​ម្ដាយ​ឧស្សាហ៍​និយាយ​រក​ គឺ​ឆាប់​​ចេះ​និយាយ​លឿន។

បង្កើត​បរិយាកាស​សប្បាយៗ និង​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ឱ្យ​កូន

​ទារក​និង​ក្មេង​តូចៗ​មិន​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ពួក​គេ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ ផ្ដល់​ភាព​កក់​ក្ដៅ ដូច​ជា​ការ​មើល​ថែ​ដោយ​គ្មាន​ភាព​នឿយណាយ ការ​និយាយ​ពាក្យ​ផ្អែម​ល្ហែម ការ​ផ្ដល់​ស្នាម​ថើប និង​ការ​បន្លែង​លេង​ពី​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ជា​ចាំ​បាច់​។ មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ធំ​ឡើង​ជាមួយ​ភាព​ឯកោ ហើយ​អាច​ឈាន​ដល់​មាន​អត្តចរិត​កោង​កាច មិន​ចូល​ចិត្ត​ចូល​រួម​ជាមួយ​អ្នក​ដទៃ​មិនខាន​។

ទិញ​របស់​លេង​ឱ្យ​កូន​ឱ្យ​បាន​ត្រឹម​ត្រូវ

គួរ​គិត​គូរ​ទិញ​ប្រដាប់​លេង​សម្រាប់​កូន​ឱ្យ​បាន​ល្អៗ ជៀស​វាង​ការ​ឱ្យ​ពួក​គេ​ចេះ​លេង​របស់​មុតៗ ឬ​កាចៗ ដូច​ជា​ដាវ ឬ​របស់​សម្រាប់​វាយ​ដំ​គ្នា កាំភ្លើង​ជា​ដើម ព្រោះ​វា​នឹង​ក្លាយ​ជា​ចំណូល​ចិត្ត​របស់​ពួក​គេ​តាំង​ពី​តូច ហើយ​ធំ​ឡើង​ពួក​គេ​ក៏​ឱប​យក​ឥរិយាបទ​ច្រងេងច្រងាង​នេះ​ដូច​គ្នា​។

កំណត់​ម៉ោង​ពេល​មើល​ទូរទស្សន៍ ឬ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​

មិន​មែន​ហាម​កូន​មិន​ឱ្យ​ប្រើ​របស់​ទាំង​នេះ​សុទ្ធ​ទេ តែ​ម្ដាយ​ឪពុក​វៃ​ឆ្លាត​ត្រូវ​ចេះ​កំណត់​ម៉ោង​ពេល​សម្រាប់​ពួក​គេ ឱ្យ​ចេះគោរព​ពេល​វេលា ចេះ​ដាក់​វិន័យ​ខ្លួន​ឯង​ថា​ម៉ោង​ណា​ត្រូវ​ធ្វើ​អី មិន​មែន​ឱ្យ​តែ​ទារ​ដឹង​តែ​ឱ្យ​តាម​ចិត្ត​នោះ​ទេ។ ធ្វើ​បែប​នេះ​ យូរ​ៗ​ទៅ កូន​នឹង​ចេះ​រំអុក ឬ​ប្រកែក​មិន​ធ្វើ​អ្វី​ បើ​មិន​បាន​របស់​ដែល​គេ​ចង់​បាន​នោះ​ឡើយ។

ចុចអាន៖ បើ​ម្ដាយ​ធ្វើ​រឿង​ទាំង ៥ យ៉ាង​នេះ កូន​តូច​ៗ​ប្រាកដ​ជា​គេង​រាល់យំ​យប់

បង្កើត​ទម្លាប់​អាន​សម្រាប់​កូន

គួរ​បង្រៀន​កូន​ឱ្យ​ចេះ​អាន​ពាក្យ​ ឬ​ហៅ​ឈ្មោះ​ដើម្បី​ឱ្យ​គេ​ឆាប់​ស៊ាំ​នឹង​ពាក្យ​ពេចន៍​ប្រចាំ​ថ្ងៃ​។ ក្រៅ​ពី​នេះ គួរ​ទម្លាប់​ឱ្យ​ពួក​គេ​ចេះ​កាន់​ប៊ិច ខ្មៅ​ដៃ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​បង្រៀន​ពួក​គេ​ឱ្យ​រៀន​សរសេរ​អក្សរ​ងាយៗ និង​ចង​ចាំ​ការ​សរសេរ​ឈ្មោះ​របស់​ខ្លួន​ និង​ឈ្មោះ​ក្រុម​គ្រួសារ​។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ឱ្យ​កូន​ឆាប់​ចងចាំ​បាន​ល្អ និង​រៀន​ពូកែ​នៅ​ថ្ងៃ​មុខ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម