រឿង​៨យ៉ាង​ជនជាតិ​ចិន​ចំណាំ​ធ្វើ​ពេល​ចូល​ឆ្នាំ ឱ្យ​លុយ​ចូល​គ្រឹកគ្រាក់ អ្នក​នៅ​លីវ​ឆាប់​ដល់​គូ

  • 2018-02-13 09:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ខុស​ពី​ជនជាតិ​ខ្មែរ ឱ្យ​តែ​រដូវ​ចូល​ឆ្នាំ​មក​ដល់ បងប្អូន​ជនជាតិ ឬ​អ្នក​ជាប់​សែស្រឡាយ​ចិន​តែង​ធ្វើ​រឿង​ល្អៗ​ជាមួយ​គ្នា និង​ចៀស​វាង​សកម្មភាព​អវិជ្ជមាន ដូច​ជា​ការ​ឈ្លោះ​ទាស់​ទែង ការ​ធ្វើ​ឱ្យ​បែក​បាក់ ឬ​កាន់​របស់​មុត​ស្រួច​ជា​ដើម។ ក្រៅ​ពី​ការ​បោស​សម្អាត​ផ្ទះ ជួប​ជុំ​ញាតិ​មិត្ត​ញ៉ាំអាហារ​រួម​គ្នា និង​សែន​ព្រេន​ដល់​កុងម៉ា​ដែល​បាន​ចែក​ឋាន​ទៅ មាន​សកម្មភាព​មួយ​ចំនួន​ទៀត ដែល​បង​ប្អូន​ចិន​ចំណាំ​ធ្វើ​ដើម្បី​ទ្រព្យ​ហូរ​ចូល​គ្រឹកគ្រាក់​។

-ទទួល​រាក់ទាក់​ភ្ញៀវ ឬ​បង​ប្អូន​មក​លេង​ផ្ទះ​ដោយ​ប្រើ​ពាក្យ​ "Gong Xi Fa Chai” ​ដែល​មាន​ន័យ​ថា រីក​រាយ​ឆ្នាំ​ថ្មី​ចម្រុងចម្រើន។

-ជនជាតិ​ចិន​និយម​ពាក់​សម្លៀកបំពាក់​ក្រហមៗ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​។ ប៉ុន្តែ​បើ​អ្នក​មិន​ចង់​ពាក្យ​ខោ​អាវ​ពណ៌​ក្រហម ហោច​ណាស់​ក៏​ត្រូវ​ប្រើ​គ្រឿង​លម្អ​ពណ៌​ក្រហម ដូច​ជា កាបូប​ មួក ស្បែក​ជើង​ ឬ​លាប​ក្រចក​ក្រហម​ ព្រោះ​គេ​ជឿ​ថា​ពណ៌​ក្រហម​ជា​ពណ៌​ដែល​នាំ​សំណាង​ដល់​អ្នក​ពាក់​ពណ៌​នេះ​ឱ្យ​មាន​អនាគត​ល្អ និង​ជោគជ័យ។

-រៀប​ចាន​គោម​ធំ​មួយ​ដាក់​ផ្លែ​ក្រូច​ខ្វិច​ក្នុង​នោះ​ទុក​សម្រាប់​ចែក​បង​ប្អូន ឬ​សាច់ញាតិ​ដែល​មក​លេង​ផ្ទះ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​។ តាម​ជំនឿ​ ក្រូច​ខ្វិច​តំណាង​ឱ្យ​ទ្រព្យ​សម្បត្តិ ភាព​ចម្រុងចម្រើន​ សំណាង​ល្អ និង​អាយុ​យឺនយូរ។

-ញ៉ាំ​បាយ​ជុំ​គ្នា​ និង​ចែក​អាំងប៉ាវ​ដល់​ក្មេងៗ​ និង​អ្នក​មិន​ទាន់​មាន​គូ​ ពេល​ទៅ​លេង​ផ្ទះ​បង​ប្អូន​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ។

-យក​របស់​ស្រួចៗ​ ដូច​ជា​ កន្ត្រៃ​ កាំបិត​ ឬ​ឡាម​កោរ​ផ្សេងៗ​ដាក់​ឱ្យ​ឆ្ងាយ​កុំ​មើល​ឃើញ​ ព្រោះ​របស់​ទាំង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​មក​កាត់​លាភ​សំណាង ឬ​នាំ​គ្រោះ​ដល់​ជន​ជាតិ​ចិន​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​នេះ​។

-ហាម​វាយ​ដំ ឬ​ជេរ​កូន​ជេរ​ចៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ព្រោះ​៣​ថ្ងៃ​នេះ​គឺ​ជា​ពេល​វេលា​ត្រូវ​ប្រារព្ធ​រឿង​មង្គល​ និង​ការ​ផ្ដល់​ភាព​រីករាយ​ដល់​គ្នា​។

-សង​បំណុល​គេ​ឱ្យ​រួច​រាល់​មុន​ថ្ងៃ​ចូល​ឆ្នាំ នឹង​អាច​នាំ​រឿង​ល្អៗ ហេង​ចូល​ពេញ​មួយ​ឆ្នាំ ព្រោះ​វា​បង្ហាញ​អ្នក​កំពុង​ព្យាយាម​​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​យ៉ាង​ល្អ​ប្រសើរ​។ ប៉ុន្តែ​បើ​អ្នក​គ្មាន​លទ្ធភាព​បង់​ផ្ដាច់​រាល់​បំណុល​ទាំង​នោះ​ទេ អាច​សង​ក្នុង​ចំនួន​ណា​មួយ​សិន​ដើម្បី​ជា​និមិត្ត​រូប​នៃ​ការ​រួច​ពី​បំណុល​ទាំង​នោះ​។

-សម្រាប់​អ្នក​មិន​ទាន់​មាន​គូ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​ទៅ​កាន់​ទន្លេ បឹង ឬ​សមុទ្រ​ ហើយ​គប់​ផ្លែ​ឈើ​មួយ​ផ្លែ​ចូល​ក្នុង​ទឹក​ដើម្បី​ជា​ប្រផ្នូល​រក​បាន​ប្ដី​ឬ​ប្រពន្ធ​ល្អ​ម្នាក់​។ ​ពេល​គប់​ផ្លែឈើ​​​ចូល​ក្នុង​ទឹក​នោះ ត្រូវ​បួងសួង​ក្នុង​ចិត្ត​សូម​ឱ្យ​រក​បាន​មនុស្ស​ល្អ​ម្នាក់​ដែល​នឹង​ស្រលាញ់​អ្នក​។ តាម​ជំនឿ​ចិន ស្រី​ក្រមុំ​ គេ​ឱ្យ​បោះ​ផ្លែ​ក្រូច រី​ឯ​កំលោះ​ គេ​ឱ្យ​គប់​ផ្លែ​ប៉ោម៕

ប្រភព៖ lovetoknow ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម