សម្ភារៈ​ផ្សេងៗច្នៃ​ពី​កំប្លោក​ ជិះ​យន្តហោះ​លក់ដល់​អឺរ៉ុប

  • 2018-02-19 04:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំប្លោក​ដែល​គេ​ស្ទើរ​តែ​បោះបង់​ ឬ មិន​ចាប់​អារម្មណ៍​សោះ ប៉ុន្តែ អ្នកស្រី សូរ សម្បត្តិ បាន​ច្នៃ​​​ទៅ​ជា​វត្ថុ​អនុស្សាវរីយ៍​ ជាពិសេស​កាបូប​ប្រើប្រាស់​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ផលិតផល​ធ្វើ​ពី​ធម្មជាតិ​មួយ​នេះ​មាន​តម្លៃ រហូត​មាន​ទីផ្សារ​ដល់​បរទេស​ដូចជា អេស្ប៉ាញ ឥណ្ឌូណេស៊ី ជាពិសេស​ ជប៉ុន និង កូរ៉េ មាន​ការ​បញ្ជា​ទិញ​ច្រើន​ជាង​គេ។

«ដំបូង​ប្ដី​ខ្ញុំ​អត់​គាំទ្រ​ទេ និង​អត់​ទៅ កាត់​កំប្លោក​ឲ្យ​ដែរ ពេល​ខ្ញុំ​ធ្វើ​ដំបូង​ប្រភេទ​អង្រឹង ធ្វើ​អត់​ស្អាត​ គាត់​យក​អង្រឹង​ខ្ញុំ​ទៅ​បោះចោល​នៅ​កន្លៀត​ជញ្ជាំង ខ្ញុំ​ឃើញ​រើស​យក​មកវិញ​ ក៏​យក​ទៅ​លាង​ទឹក​ទុក​មួយ​កន្លែង​ស្រាប់​តែ​ភ្ញៀវ​ឃើញ​គេ​ទិញ​យក​អស់​រលីង ឥលូវ​ប្ដី​ខ្ញុំ​ជឿជាក់​លើ​ខ្ញុំ»។ នេះ​បើ​តាម​ការ​រៀបរាប់​ពី​អ្នកស្រី​សម្បត្តិ នូវ​​ប្រវត្តិ​ នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​ច្នៃ​កំប្លោក​ធ្វើ​កាបូប​ដំបូង។

​​នៅ​អំឡុង​ឆ្នាំ​ ២០១០ អ្នក​ស្រី បាន​រៀន​សូត្រ ពី​គ្រូ​ជនជាតិ​ជប៉ុន ច្នៃ​កំប្លោក​ធ្វើ​ជា​កាបូប និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង ដោយ​អ្នក​ស្រី​ជា​មនុស្ស​មាន​ការ​ប្រឹងប្រែង និង​យក​ចិត្ត​ទុក​ផង បាន​ក្លាយ​ទៅ​ជា​អ្នក​ច្នៃ​កាបូប​ធ្វើ​ពី​កំប្លោក​បាន​ស្អាត​ជាង​គេ រហូត​ក្លាយ​ជា​សិប្បកម្ម​កំប្លោក​ល្បីល្បាញ​ជាង​គេ​នៅ​ភ្នំ​ក្រោម។ ផលិត​ផល​ដែល​អ្នក​ស្រី​ផលិត​បាន​មាន​ដូច​ជា​ មួក កាបូប​ស្ពាយ​ចំហៀង កាបូប​យួរ​ដៃ កន្ត្រក ហឹប​ដាក់​សម្ភារៈ​ជា​ដើម​៕​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម