មនុស្ស​ស្រី​វ័យ​២៥​ឆ្នាំ នឹង​បង្ហាញ​ការ​ស្រលាញ់​ខុស​ពី​កាល​នៅ​ក្មេង​ដូច​ម្ដេច?

  • 2018-02-11 06:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខុស​ពី​កាល​នៅ​ជា​យុវវ័យ នារី​ឈាន​ចូល​វ័យ​២៥​ឆ្នាំ​លែង​ស្រមើស្រមៃ​រក​ទេវបុត្រ​ជិះ​សេះ​ស​ទៀត​ហើយ តែ​នាង​រក​អ្វី​ដែល​ពិត​ប្រាកដ និង​ជាក់​ស្ដែង​វិញ។

​វ័យ​២៥​ឆ្នាំ​គឺ​ជា​វ័យ​ដែល​ភាព​ផ្អែមល្ហែម និង​ស្រមើស្រមៃ​របស់​មនុស្ស​ស្រី​ចាប់​ផ្ដើម​សាប​រលាប​ហើយ។ ជំនួស​មក​វិញ​គឺ​ជា​ភាព​ចាស់​ទុំ និង​ការ​ដឹង​ក្ដី​របស់​មនុស្ស​ពេញ​វ័យ​ម្នាក់។ របៀប​ដែល​មនុស្ស​ស្រី​វ័យ​២៥​ឆ្នាំ​ក៏​ខុស​ពី​កាល​នាង​នៅ​ក្មេង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​នៃ​ការ​ស្រលាញ់​នៅ​ពេលនារី​ឈាន​ចូល​ដល់​វ័យ​២៥​ឆ្នាំ។

១. ស្រលាញ់​គឺ​រៀបការ ឬ​មិន​ស្រលាញ់​តែ​ម្ដង

២៥​ឆ្នាំ មនុស្ស​ស្រី​បាន​ឆ្លង​កាត់​ស្នេហា​ដំបូង ស្នេហា​វ័យ​សិក្សា និង​ស្នេហា​និស្សិត​រួច​ហើយ​អស់​ហើយ។ ហើយ​នាង​ក៏​មិន​ចង់​លេង​សើច​ច្រើន​ទៀត​ដែរ។ នេះ​គឺ​ជា​ពេល​ដែល​នាង​ស្វែង​រក​ភាព​យូរ​អង្វែង ពោល​គឺ​បើ​ស្រលាញ់​គឺ​គិត​ដល់​រឿង​គ្រួសារ​តែ​ម្ដង បើ​មិន​ដូច​នេះ​ទេ​គឺ​អត់​ស្រលាញ់​តែ​ម្ដង។

២. លែង​ស្រមើស្រមៃ

កាល​នៅ​ក្មេង នាង​អាច​ស្វែង​រក​ស្នេហា​ដែល​ដូច​នៅ​ក្នុង​រឿង​និទាន តែ​ពេល​បាន​ប្រឡូក​នៅ​ក្នុង​ជីវិត​ហើយ ទើប​នាង​ដឹង​ថា​តថភាព​ពិត​មិន​ដូច​អ្វី​ដែល​មនុស្ស​គ្រប់រូប​គិត​នោះ​ទេ។ នៅ​ពេល​នេះ ស្ដង់ដា​មនុស្ស​ដែល​នាង​ស្រលាញ់​ក៏​ជាក់​ស្ដែង​ជាង​មុន។

៣. ស្នេហា​ផ្សា​ភ្ជាប់​ជាមួយ​ទំនួលខុសត្រូវ

មក​ដល់​វ័យ​នេះ​ហើយ គឺ​ត្រូវ​គិត​ដល់​អនាគត។ មនោសញ្ចេតនា​នៅ​អាយុ​នេះ ក្រៅ​ពី​ស្រលាញ់​គ្នា​គឺ​ត្រូវ​ការ​ទំនួលខុស​ត្រូវ​ទៀត មិន​អាច​អាស្រ័យ​លើ​តែ​បេះដូង​មួយ​គត់​ទេ។ ពេល​ខ្លះ​ខឹង​ខ្លាំង ឬ​អាក់អន់​ចិត្ត​ក៏​នៅ​តែ​ទប់​ព្រោះ​មិន​មែន​ជា​ក្មេង​ទៀត​ទេ។

៤. ស្នេហា​មិន​មែន​ជា​រឿង​តែ​មួយ​គត់

ខណៈ​កាល​នៅ​ក្មេង យើង​អាច​ចំណាយ​ពេល​ភាគ​ច្រើន​គិត​ពី​រឿង​ស្នេហា តែ​ឈាន​ចូល​វ័យ​ជ្រេ​នេះ​ហើយ នៅ​មាន​រឿង​មួយ​គនរ​ទៀត​ដែល​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ជា​រៀង​រាល់​ថ្ងៃ ដូច​ជា​រឿង​ការងារ ប្រាក់​កាក់​ជា​ដើម។ យើង​លែង​មាន​ឱកាស​ចំណាយ​ពេល​ស្ទើ​តែ​ពេញ​មួយ​ថ្ងៃ​នៅ​ក្បែរ​សង្សារ​ទៀត​ហើយ។

៥. ស្រលាញ់​របៀប​ស្ងប់ស្ងាត់

មើល​ក្មេង​ៗ​បង្ហោះ​រូប​គំរួប​ខួប​ស្រលាញ់​គ្នា​បាន​១​ខែ​អ្នក​ចង់​តែ​សើច ព្រោះ​យើង​ក៏​ធ្លាប់​ឆ្លង​កាត់​ដំណាក់កាល​នោះ​ដែរ ដំណាក់កាល​ដែល​ចង់​ឲ្យ​ពិភពលោក​ទាំង​មូល​ដឹង​ថា​យើង​កំពុង​មាន​ស្នេហា។ តែ​ពេល​នេះ រឿង​ស្នេហា​គឺ​ជា​រឿង​របស់​អ្នក​ទាំង​២ កាន់​តែ​ស្ងប់ស្ងាត់​កាន់​តែ​ល្អ៕

ចុចអាន៖កំហុស ៦​យ៉ាង​ដែលបុរសធ្វើ​ឲ្យ​មនុស្ស​ស្រី​អស់ចិត្ត​ស្រឡាញ់​ម្ដង​បន្តិចៗ

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel