មុន​ពេល​សម្ពោធ​លើក​ដំបូង ស្រីៗ​ត្រូវ​ចាក់​វ៉ាក់សាំង​មួយ​ប្រភេទ បើ​មិន​ចង់​កើត​មហា​រីក

  • 2018-02-06 05:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេងៗ​ជំទង់​ឆាប់​ប្រឡូក​រឿង​រួម​ភេទ​ដោយ​គ្មាន​សុវត្ថិភាព អ្នក​មាន​ដៃ​គូ​រួម​ភេទ​ច្រើន និង​អ្នក​ជក់​បារី ងាយ​ឆ្លង​វីរុស HPV។ ធ្លាប់​តែ​ឮ HIV ហើយ​អត់​ដែល​ដឹង HPV មែន?

HPV ជា​វីរុស​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហា​រីក​មាត់​ស្បូន និង​សម្លាប់​ស្ត្រី​ជា​ច្រើន​ជុំវិញ​ពិភព​លោក។ វីរុស​នេះ​កើត​លើ​មនុស្ស​ដែល​សកម្ម​រឿង​រួម​ភេទ។ មាន​ន័យ​ថា មនុស្ស​ភាគ​ច្រើន ឆ្លង​វីរុស​នេះ​ភ្លាមៗ បន្ទាប់​ពី​រួម​ភេទ​រួច ហើយ​ជា​ទូទៅ ឆ្លង​លើ​បុរស និង​ស្ត្រី​ចាប់​ពី​អាយុ ១៥ ឆ្នាំ​ឡើង។

វីរុស HPV មាន​ច្រើន​ជាង ២០០ ប្រភេទ តែ​មាន​តែ​វីរុស HPV ប្រភេទ ១៦ និង ១៨ ប៉ុណ្ណោះ​ដែល​៧០% អាច​កើត​ជំងឺ​មហា​រីក​មាត់​ស្បូន ដំបៅ​មាត់​ស្បូន មហា​រីក​ទ្វារ​លាមក មហា​រីក​ទ្វារ​មាស និង​លិង្គ។

ឯ​វីរុស HPV ប្រភេទ ៦ និង ១១ វិញ មាន ៩០% អាច​កើត​ជំងឺ​ឫស​នៅ​ប្រដាប់​បន្ត​ពូជ និង​ដុះ​សាច់​នៅ​ផ្លូវ​ដង្ហើម (RRP) ជា​ជំងឺ​មួយ​មាន​ដុំ​សាច់ (ដុំ​ស្លូត) ដុះ​ក្នុង​ផ្លូវ​ដង្ហើម ចាប់​តាំង​ពី​ច្រមុះ និង​មាត់​ទៅ​ដល់​ក្នុង​សួត។

ធ្វើ​ម៉េច​ទើប​ដឹង​ថា​អ្នក​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន?

ជា​ទូទៅ អ្នក​កើត​ជំងឺ​មហា​រីក​មាត់​ស្បូន រហូត​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ទើប​ចេញ​រោគសញ្ញា៖

  • មក​រដូវ​មិន​ទៀង
  • ហូរ​ឈាម​តាម​ទ្វារ​មាស​ក្រោយ​រួម​ភេទ
  • ឈឺ​ត្រគាក
  • ឈឺ​ចាប់​នៅ​ទ្វា​រមាស ឬ​ហូរ​សារធាតុ​រាវ​មាន​ក្លិន​មិន​ល្អ
  • ស្រក​ទម្ងន់។

ដោយ​ជំងឺ​មហា​រីក​មាត់​ស្បូន គ្មាន​រោគ​សញ្ញា​នៅ​ដំណាក់​កាល​ដំបូង ស្ត្រី​អាយុ​ពី ២១ ទៅ ២៩ ឆ្នាំ ត្រូវ​ទៅ​ធ្វើ​តេស្ត​កោសិកា​មាត់​ស្បូន​រាល់ ៣ ឆ្នាំ​ម្ដង។ ឯ​ស្ត្រី​អាយុ​ចាប់​ពី ៣០ ឆ្នាំ​ឡើង ត្រូវ​ទៅ​ពិនិត្យ​កោសិកា​មាត់​ស្បូន និង​ធ្វើ​តេស្ត​រក​វីរុស HPV រាល់ ៥ ឆ្នាំ​ម្ដង។ ការ​ធ្វើ​តេស្ត​រួម​គ្នា​នេះ ត្រូវ​បន្ត​រហូត​ដល់​អាយុ ៦៥ ឆ្នាំ។

សំណាង​មាន​វ៉ាក់សាំង HPV!

មាន​វ៉ាក់សាំង ២ ប្រភេទ ត្រូវ​រដ្ឋបាល​ស្បៀង​អាហារ និង​ថ្នាំ (FDA) របស់​អាមេរិក ទទួល​ស្គាល់​ថា​ការពារ​មិន​ឲ្យ​កើត​វីរុស HPV ទាំង​ប្រភេទ ១៦ និង ១៨ បាន។

អង្គការ​សុខភាព​ពិភព​លោក ណែនាំ​ឲ្យ​ក្មេង​ស្រី​អាយុ​ចាប់​ពី ៩-១៣ ឆ្នាំ ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​នេះ។ មាន​ន័យ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ត្រូវ​ចាក់​មុន​ពេល​រួម​ភេទ​ជា​លើក​ដំបូង។

វ៉ាក់សាំង HPV នេះ ត្រូវ​ចាក់​នៅ​សាច់​ដុំ​ដើម​ដៃ ហើយ​ត្រូវ​ចាក់​ពី ២ ទៅ ៣ ដូស។ ស្រីៗ​អាយុ ១៥-២៦ ឆ្នាំ ត្រូវ​ចាក់ ៣ ដូស។ ដូស​ទី២ ត្រូវ​ចាក់ ២ ខែ​បន្ទាប់​ពី​ចាក់​លើក​ទី១។ ដូស​ទី​៣ ត្រូវ​ចាក់ ៦ ខែ​បន្ទាប់​ពី​ចាក់​លើក​ទី១។

ដោយ​ឡែក ប្រទេស​មួយ​ចំនួន ក៏​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​នេះ​លើ​ក្មេង​ប្រុស ដើម្បី​ការពារ​ជំងឺ​មហា​រីក​ប្រដាប់​បន្ត​ពូជ​ផង​ដែរ។

អ្នក​អាច​ទាក់​ទង​ពេទ្យ ដើម្បី​ទទួល​បាន​ការ​ណែនាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ។ ទោះ​បី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ក៏​ដោយ ដើម្បី​សុវត្ថិភាព អ្នក​ជំនាញ​ណែនាំ​ឲ្យ​ប្រើ​ស្រោម​អនាម័យ ពេល​រួម​ភេទ និង​កាត់​បន្ថយ​ដៃ​គូ​រួម​ភេទ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម