តិចនិក​រៀប​ចំ​ខ្លួន​ទៅ​ញ៉ាំ​ការ​ចំណាយ​អស់​តិច​ តែ​បាន​ស្រស់​ស្អាត​និង​រីករាយ

  • 2018-02-06 06:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​ញ៉ាំ​ការ​ម្ដង​ៗ​មិន​ថា​តែ​អ្នក​ដែល​រៀបការ​នោះ​ទេ​ សូម្បី​ភ្ញៀវ​ចូល​រួម​ក៏​ត្រូវ​ប្រុង​ប្រៀប​រៀបចំ​ខ្លួន​ឲ្យ​បាន​សក្ដិសម​ផង​ដែរ​។​ ពេល​ញ៉ាំ​ការ​ម្ដង​ៗ​ សង្កេត​ឃើញ​ថា​អ្នក​ចូល​រួម​ជា​ពិសេស​ស្រី​ៗ​តែ​ម្ដង​ដែល​ចំណាយ​ទាំង​លុយ​និង​ពេល​ដើម្បី​តុប​តែង​ខ្លួន​ឲ្យ​ស្រស់​ស្អាត​សម​សួន​ចូល​រួម​កម្មវិធី។​ ជា​ទូរ​ទៅ​ខ្ទង់​ចំណាយ​អស់​ច្រើន​លើ​​សំលៀក​បំពាក់​ ការ​ផាត់​មុខ​និង​ចង​ដៃ​ផង​ដែរ។​ ដោយ​សារ​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ដើម្បី​ជួយ​ស្រី​ៗ​ក្នុង​ការ​សន្សំ​សំចៃ​លើ​ការ​ចំណាយ​។​ ទាំង​នេះ​ជា​តិចនិក​ដែល​ស្រីៗ​អាច​សាកល្បង​ធ្វើ​ ដោយ​ចំណាយ​តិច​ បាន​ស្អាត​ និង​នៅ​តែ​រីក​រាយ​ក្នុង​កម្មវិធី​ផង​ដែរ។​

១.​ ស្លៀក​រ៉ូប​ឆ្លាស់​គ្នា

ជា​ទូរ​ទៅ​ស្រី​ៗ​យើង​ចំណាយ​ច្រើន​លើ​សំលៀក​បំពាក់​និង​រ៉ូប​ញ៉ាំ​ការ។​ យោង​តាម​ការ​ដក​ស្រង់​សម្ដី​របស់​​ស្រី​ៗ​អ្នក​ភ្នំពេញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ តម្លៃ​សំលៀក​បំពាក់​ហែ​ជំនូន​​​រាប់​ទាំង​ឈ្នួល​កាត់​ជា​មធ្យម​គឺ​ថោក​បំផុត​ត្រឹម​ ៨០​ដុល្លារ​ក្នុង​មួយ​ឈុត​ ដែល​ម៉ូដ​សាមញ្ញ​​មិន​មាន​ប៉ាក់​ឌិន​។​ ចំណែក​​រ៉ូប​គឺ​តម្លៃ​ចាប់​ពី​ ៤០​ដុល្លារ​ឡើង​ទៅ​សម្រាប់​រ៉ូប​ទិញ​ស្រាប់​ ហើយ​រូប​កាត់​គឺ​ខ្ទង់​ ១០០​ដុល្លារ​ឬ​ច្រើន​ជាង​នេះ។​ ដូច្នេះ​ការ​ចេះ​ស្លៀកពាក់​ឆ្លាស់​គ្នា​ក្នុង​កម្មវិធី​អាច​ជួយ​ធ្វើ​ឲ្យ​ខ្ទង់​ចំណាយ​ថយ​ចុះ។​ របៀប​ស្លៀក​ពាក់​ឆ្លាស់​គ្នា​ គឺ​ស្លៀក​រំលង​គ្នា​ ចាប់​ពី​២​ រោង​ឡើង​ទៅ​ ហើយ​ត្រូវ​សង្កេត​មើល​ថា​ អ្នក​ណា​ខ្លះ​ចូល​រួម​ ដើម្បី​ត្រៀម​រ៉ូប​ដែល​មិន​ឲ្យ​គេ​ចាប់​បាន​ថា​ស្លៀក​ច្រើន​ដង។​ យក​ល្អ​ផុស​រូប​ដូចគ្នា​ គូរ​ចេះ​ថត​ដោយ​កុំ​ផ្ដោត​លើ​រ៉ូប​ពេក។​

២.​ ជួល​រ៉ូប​

ជួល​រ៉ូប​គឺ​ជា​វិធី​មួយ​ទៀត​ដែល​ចំណាយ​តិច​ទៅ​លើ​រ៉ូប​។​ ធម្មតា​ស្រី​ៗ​ស្លៀក​រ៉ូប​ម្ដង​ឬ​ក៏​២​ដង​ហើយ​ឈប់​ចង់​ស្លៀក​ហើយ។​ ទោះ​មិន​ចង់​ស្លៀក​ច្រើន​ដង​ក៏​ត្រូវ​តែ​បង្ខំ​ចិត្ត​ព្រោះ​តម្លៃ​រ៉ូប​មួយ​ៗ​គឺ​មិន​ថោក​នោះ​ឡើយ​។​ តែ​គ្រប់​គ្នា​អាច​ជួល​រ៉ូប​នៅ​តាម​ហាង​កាត់ដេរ​ក្នុង​ស្រុក​មួយ​ចំនួន​ដើម្បី​ស្លៀក​ពាក់​ដោយ​គ្រាន់​តែ​ចំណាយ​ពី​ ១៥ ទៅ​ ២០​ ដុល្លារ​ប៉ុណ្ណោះ​ពេល​ជួល​រ៉ូប​ម្ដង។​ ធ្វើ​បែប​នេះ​អ្នក​អាច​សន្សំ​សំចៃ​ពី​ការ​ចំណាយ​ខ្លះ​ៗ​ទៅ​លើ​រ៉ូប។​

៣.​ ខ្ចី​រ៉ូប​មិត្ត​ភក្តិ​ឬ​បង​ប្អូន

វា​មិន​មែន​ជា​រឿង​អាម៉ាស់​អី​ទេ​ ដោយ​គ្រាន់​តែ​ខ្ចី​សំលៀក​បំពាក់​មិត្ត​ភក្តិ​ឬ​បង​ប្អូន​ស្រី​ ទុក​ស្លៀក​ពាក់​ដោះ​ទាល់​មួយ​ពេល​នោះ។​ តែ​អ្នក​ត្រូវ​និយាយ​ជា​មួយ​គាត់​ឲ្យ​បាន​មុខ​ហើយ​ល​រ៉ូប​ដើម្បី​ទៅ​សារ៉េ​ ទំហំ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ១​អាទិត្យ​មុន​កម្មវិធី​។​ ធ្វើ​ដូច​នេះ​អ្នក​មិន​សូវ​ខ្វល់​ខ្វាយ​ ពេល​កៀក​ដល់​ថ្ងៃ​កម្មវិធី។​ ពេល​ស្លៀក​រួច​ ​បោក​គក់​ឲ្យ​ស្អាត​សង​ពូក​គេ​វិញ​ ដើម្បី​លើក​ក្រោយ​គេ​ឲ្យ​ខ្ចី​ទៀត។​

៤.​ រៀន​ផាត់​មុខ​តាម​អ៊ីនធឺណិត

សម័យ​នេះ​អ្វី​ក៏​អាច​ធ្វើ​បាន​ដែរ​ដោយ​គ្រាន់​តែ​បើក​ យូធូប​មើល​នោះ។​ ការ​ផាត់​មុខ​ធ្វើ​សក់​អី​ជា​ដើម​ អ្នក​អាច​រៀន​និង​ធ្វើ​តាម​អ៊ីនធឺណិត​បាន​ដោយ​គ្រាន់​តែ​មើល​តាម​ការ​បង្ហាត់​បង្ហាញ​តាម​យូធូប។​ ធ្វើ​បែប​នេះ​អ្នក​នឹង​កាត់​បន្ថយ​ចំណាយ​លើ​ការ​ផាត់​មុខ​បាន​ច្រើន​គូរ​សម​ដែរ។​ អ្នក​អាច​មើល​សភាពការណ៍​របស់​កម្មវិធី​ការ​ដែល​អ្នក​នឹង​ត្រូវ​ចូល​រួម​នោះ​ ថា​មាន​អ្នក​ស្គាល់​ចូល​រួម​ប៉ុន្មាន​អ្នក​ បើ​មាន​ច្រើន​អ្នក​គួរ​ទៅ​ធ្វើ​ខ្លួន​នៅ​សាឡន​ តែ​បើ​មាន​តិច​ផាត់​ផាត់​ខ្លួន​ឯង​តិច​ៗ​ទៅ​គ្រប់​គ្រាន់​ហើយ​ និង​មិន​អស់​លុយ​ច្រើន​ផង​ដែរ។

៥.​ ទៅ​ដល់​ត្រឹម​ម៉ោង​៦​

បើ​អាច​គួរ​ទៅ​ដល់​រោង​ការ​ត្រឹម​ម៉ោង​ ៦​ល្ងាច​ឬ​មុន​នេះ​ ព្រោះ​អ្នក​អាច​មាន​ពេល​ថត​រូប​ជា​មួយ​កូន​កំលោះ​ក្រមុំ​ និង​បាន​ថត​រូប​ជុំ​គ្នា​ផង​ដែរ។​ ម៉្យាង​ទៀត​ទៅ​លឿន​ដូច្នេះ​អ្នក​ថត​រូប​បាន​ស្អាត​ និង​បាន​ជជែក​គ្នា​លែង​ជា​មួយ​មិត្ត​ភក្តិ​ដោយ​មិន​សូវ​​ឃ្លាន​ប្រញាប់​ញ៉ាំ​អាហារ ​ដូច​ពេល​ទៅ​យឺត​នោះ​ឡើយ។

អត្ថបទ៖ Pencharm