ហេតុផល ៨ យ៉ាង​បណ្ដាល​ឲ្យ​អ្នក​​​គ្មាន​មិត្ត​ល្អ​ក្បែរ​ខ្លួន​សូម្បី​តែ​ម្នាក់

  • 2018-01-26 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​​ចង់​បាន​​មិត្តភ័ក្ដិ​ល្អ​ម្នាក់​ហេតុអ្វី​ក៏​ពិបាក​ខ្លាំង​យ៉ាង​នេះ?ការ​ដែល​​ត្រូវ​ក្រុម​មិត្តភ័ក្ដិ​​​​ព្រងើយ​កន្តើយ មិន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពិត​ជា​រឿង​​​ឈឺចាប់ និង​គ្រាំគ្រា​​​​​បំផុត​។ ដូច្នេះ​ដើម្បី​ឲ្យ​អស់​មន្ទិល​សង្ស័យ ខាង​ក្រោម​នេះ​ជា​​ហេតុផល ៨ យ៉ាង ដែល​​​ធ្វើ​ឲ្យ​អ្នក​មិន​អាច​មាន​មិត្ត​ល្អ​ដូច​គេ​ ហើយ​​​អ្នក​គួរ​តែ​ព្យាយាម​លុប​បំបាត់ បើ​មិន​ចង់​​ឯកា​ត​ទៅ​ទៀត៖

១.អ្នក​ជា​មនុស្ស​ទុទ្ទិដ្ឋិនិយម

អ្នក​ជា​មនុស្ស​ចូលចិត្ត​គិត​ផ្លូវ​អវិជ្ជមាន​​ខ្លាំង​ពេក​។ អ្នក​ណា​ក៏​មិន​ចូល​ចិត្ត​និយាយ​​លេង​ជាមួយ​មនុស្ស​ដែល​ពោរពេញ​​ដោយ​ គំនិត​អាក្រក់​ៗ ឬ​កំហឹង​គ្រប់​ពេល​នោះ​​​ដែរ។ ដូច្នេះ​វា​ត្រឹមត្រូវ​ហើយ​ដែល​គ្មាន​​អ្នកណា​ចង់​សេពគប់​ជាមួយ​​អ្នក​នោះ​។​

២.អ្នក​ជា​មនុស្ស​អាត្មានិយម

គ្មាន​អ្នកណា​ប្រាប់​អ្នក​ត្រង់​ៗ​នោះ​ទេ​។ អ្នក​ត្រូវ​ទទួល​យក​ការ​ពិត​ដែល​ខ្លួន​ឯង​តែងតែ​គិត​ពី​ផល​ប្រយោជន៍ ឬ​តម្រូវការ​ផ្ទាល់​ខ្លួន​ខ្លាំង។ អ្នក​ស្រឡាញ់​តែ​ខ្លួន​ឯង​បែប​នេះ អ្នក​ផ្សេង​ប្រាកដ​ជា​ពិបាក​ក្នុង​ការ​កសាង​ទំនាក់ទំនង​ឲ្យ​រឹងមាំ​ជាមួយ​ណាស់។

៣.អ្នក​ជា​មនុស្ស​ពូកែ​ទួញ​សោក

ពេល​ណា​ក៏​​យំយែក រអ៊ូ​រទាំ រៀបរាប់​ទុក្ខសោក​ឥត​ល្ហែ។ មនុស្ស​ណា​ក៏​មាន​​បញ្ហា​ដែរ គ្រាន់​តែ​ផ្សេង​​គ្នា​ប៉ុណ្ណោះ ដូច្នេះ​​​អ្នក​គួរ​តែ​ចេះ​​​បន្លប់​បញ្ហា​ទាំង​នោះ ដោយ​ស្នាម​ញញឹម សំណើច ភាព​សប្បាយ​រីករាយ​ នោះ​មនុស្ស​ជុំវិញ​ប្រាកដ​ជា​ចង់​នៅ​ក្បែរ​អ្នក​​មិន​ខាន។

៤.អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ធុញ​

រាល់​កិច្ច​​​សន្ទនា​ អ្នក​តែងតែ​លើក​​ប្រធានបទ​​​យ៉ាប់​ៗ​មក​និយាយ​។ អ្នក​ថែម​ទាំង​អាច​​និយាយ​បាន​​ហូរហែ ក្បោះក្បាយ​ ដោយ​មិន​ខ្វល់​ថា​អ្នក​ផ្សេង​គេ​កំពុង​ចាប់​អារម្មណ៍​ឬ​អត់។ គ្មាន​នរណា​អាច​ទ្រាំ​ស្ដាប់​អ្នក​រាប់​ម៉ោង ចំពោះ​រឿង​ដែល​ពួកគេ​មិន​ចូលចិត្ត​ឡើយ។

៥.អ្នក​ដើរ​ជាមួយ​ក្រុម​មនុស្ស​មិន​ល្អ

ពេលខ្លះ បញ្ហា​គឺ​មក​ពី​អ្នក​កំពុង​រាប់អាន​​មនុស្ស​មិន​ល្អ ឬ​ក៏​​ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ​​ពី​មុន។ មិន​ថា​វា​ជា​​ការ​ពិត ឬ​ពាក្យ​ចចាមអារ៉ាម ជឿ​ថា​អ្នក​រាល់​គ្នា​ប្រាកដ​ជា​មាន​​ចិត្ត​ស្ទាក់ស្ទើរ ក្នុង​ការ​ស្និទ្ធស្នាល​ជាមួយ​អ្នក។

៦.អ្នក​ភ្លេច​មិត្តភ័ក្ដិ ពេល​អ្នក​មិន​ត្រូវការ​ពួកគេ

ពេល​អ្នក​មាន​ទុក្ខ អ្នក​តែងតែ​សុំ​ជំនួយ​ពី​មិត្តភ័ក្ដិ។ ដល់​ពេល​អ្នក​​បាន​សុខ ជួប​រឿង​រីករាយ​វិញ អ្នក​មិន​ដែល​នឹក​​ឃើញ​នរណា​ទេ​។ ពេល​បាន​រាប់អាន​មិត្ត​ថ្មី​ដែល​ល្អ អ្នក​ក៏​ព្រងើយ​កន្តើយ​ដាក់​មិត្ត​ចាស់ៗ​ ដូច្នេះ​​អ្នក​ទាំង​នោះ​ក៏​មិន​ចង់​ធ្វើ​ជា​កង់​សា​គួរ​ឲ្យ​អ្នក​ដូច​គ្នា។

៧.អ្នក​គ្មាន​ការ​​តស៊ូ ព្យាយាម​គ្រប់គ្រាន់

ការ​សេពគប់​មិត្ត​ក៏​​ដូច​ជា​ការ​​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​ដែរ​​​។ បើ​អ្នក​គ្រាន់​តែ​ធ្វើ​បែប​ហីៗ នោះ​លទ្ធផល​ក៏​ទៅ​តាម​នោះ​ដូច​គ្នា​។ គ្មាន​អ្វី​មួយ​បាន​មក​ដោយ​ងាយ​ស្រួល​ឡើយ​។

៨.អ្នក​ជា​មនុស្ស​ពូកែ​ច្រណែន​

អ្នក​​ជា​មនុស្ស​ដែល​មាន​បញ្ហា​ចំពោះ​ការ​ជឿជាក់​គ្នា។ អ្នក​ភ័យ ព្រួយ​បារម្ភ ប្រច័ណ្ឌ ពេល​មិត្ត​អ្នក​ជួប​មនុស្ស​ថ្មី​។ ទង្វើ​បែប​នេះ ពិត​ជា​ធ្វើ​ឲ្យ​​​អ្នក​​គ្រប់​គ្នា​រត់​ចោល​អ្នក​មិន​ខាន ព្រោះ​​វា​ពិត​ជា​រឿង​​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​ខ្លាំង​ណាស់៕

ចុចអាន៖​មនុស្ស​ធ្វើ​ល្អ​ ច្រើន​បាន​ផល​ល្អ មនុស្ស​ធ្វើ​ល្ងង់ ​ច្រើន​រស់​បាន​សុខ

ប្រភព៖ Likelovequotes អត្ថបទ៖ អូន បញ្ញា

អត្ថបទពេញនិយម