ទម្លាប់​អត់​ដឹង​ខ្លួន​ទាំង​នេះ បើ​មិន​ប្រយ័ត្ន ប៉ះពាល់​ខ្លាំង​ដល់​ឆ្អឹង​ខ្នង

  • 2018-01-23 08:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មាន​អារម្មណ៍​ឈឺ​ត្រង់​ចង្កេះ ឬ​គូទ រួច​ចាក់​មក​ជើង ហើយ​ឈឺ​កាន់​តែ​ខ្លាំង​ពេល​អង្គុយ ឬ​ឈរ​យូរ​ពេក ក្រោយ​មក​បែរ​ជា​ធូរ​ស្រាល​ពេល​ដើរ សម្រាក ឬ​ធ្វើ​ចលនា​ផ្សេងៗ​ឲ្យ​ឆ្អឹង​ខ្នង​ត្រង់ នោះ​អ្នក​អាច​នឹង​មាន​ជំងឺ​រលាក​សរសៃ​ប្រសាទ​ស្យាទិច (Sciatica)។

មាន​មូល​ហេតុ​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ឈឺ​ចាប់ ក្រហាយ ឬ​ស្ពឹក​នេះ ប៉ុន្តែ​មូលហេតុ​ទូទៅ​បំផុត គឺ​ការ​លៀន​ចេញ​នៃ​ទ្រនាប់​ឆ្អឹង​កង​ខ្នង និង​ការ​ដុះ​ឆ្អឹង​ខុស​ប្រក្រតី​លើ​ឆ្អឹង​កង​ខ្នង ហើយ​ភាគ​ច្រើន​អាច​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង តែ​ក៏​អាច​រង​ផល​វិបាក ដូចជា បាត់​បង់​អារម្មណ៍​ឈឺ​ចាប់ (ស្ពឹក) ជើង​ចាប់​ផ្ដើម​ទន់​ខ្សោយ និង​ការ​បាត់បង់​មុខ​ងារ​ពោះវៀន ឬ​ប្លោក​នោម។

ហានិភ័យ​ជំងឺ Sciatica មាន​លក្ខណៈ​ខុស​ប្លែក​គ្នា ប៉ុន្តែ​ភាគ​ច្រើន​មក​ពី​កត្តា​មួយ​ចំនួន៖

  • អាយុ​កាន់​តែ​ច្រើន
  • ធាត់​លើស​ទម្ងន់
  • អ្នក​ធ្វើ​ការងារ​ដែល​ទាមទារ​ឲ្យ​បង្វិល​ខ្នង លើក​របស់​ធ្ងន់ៗ ឬ​បើកបរ​រថយន្ត​រយៈ​ពេល​យូរ អង្គុយ​យូរ​ពេក
  • អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សរសៃ​ប្រសាទ

ទោះ​បី​ការ​ឈឺ​ចាប់​ទាក់​ទង​នឹង​សរសៃ​ប្រសាទ អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក៏​ដោយ តែ​ភាគ​ច្រើន​មិន​ត្រូវ​ការ​ព្យាបាល​ដោយ​វះកាត់​ឡើយ ដែល​ព្យាបាល​ក្នុង​ពេល ២-៣ សប្តាហ៍​ប៉ុណ្ណោះ លុះ​ត្រា​តែ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដូច​ការ​បាត់បង់​អារម្មណ៍​ឈឺ​ចាប់ (ស្ពឹក) ជាដើម។

បែប​នេះ បើ​អ្នក​ឈឺ​ចុក​ចាប់​តាម​កន្លែង​រៀបរាប់​ខាង​លើ​ចាប់​ពី​មួយ​អាទិត្យ​ឡើង​ទៅ ហើយ​វា​នៅ​បន្ត​ឈឺ​ខ្លាំង​ឡើង អ្នក​ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់ ជៀស​វាង​រាល​ដាល​កាន់​តែ​ខ្លាំង។

ដើម្បី​ចៀសវាង​ជំងឺ​នេះ អ្នក​ត្រូវ៖

  • ឈប់​ជក់​បារី ព្រោះ​ឆ្អឹង​កង​ឆាប់​ខូច
  • ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ពង្រឹង​សាច់ដុំ​ខ្នង និង​ពោះ ដែល​​អាច​ជួយ​ទ្រទ្រង់​ឆ្អឹង​កង
  • ដេក ដើរ ឈរ ឬ​អង្គុយ​ជាមួយ​ឥរិយាបថ​ល្អ ព្រោះ​ជួយ​បន្ថយ​សម្ពាធ​លើ​ឆ្អឹង​កង​ខ្នង
  • ចៀស​វាង​ការ​អង្គុយ​យូរ​ពេក

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម