កាន់​តែ​ក្ដៅ! Golf និង Kwan បន្ទោស​ហែកហួរ​ម្ដាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្រោយ​​មាន​រឿង​បែកបាក់

  • 2018-01-23 04:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​បែក​គ្នា​របស់​គូ​ស្នេហ៍​តារា​សម្ដែង​ថៃ Golf Pichaya និង Kwan Usamanee បាន​បង្ក​ការ​ភ្ញាក់ផ្អើល និង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​តាមដាន​សិល្បៈ​ប្រទេស​ថៃ​មិន​តិច​ឡើយ នៅ​​ដើម​ឆ្នាំ​២០១៨​នេះ ត្បិត​គូ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គូ​ស្នេហ៍​ដែល​​ស្រឡាញ់​គ្នា​ខ្លាំង​ មាន​ការ​តស៊ូ​ជាមួយ​គ្នា​ច្រើន​ បើ​ទោះ​បី​​មាន​ការ​មិន​​ពេញ​ចិត្ត​ពី​គ្រួសារ​ទាំង​សង​ខាង​ក៏​ដោយ។

ទី​បំផុត​នៅ​ថ្ងៃច័ន្ទ ​ទី២២ ខែ​មករា តារា​សម្ដែង​ Golf Pichaya ជា​ភាគី​ខាង​ប្រុស ក៏​បាន​ចេញ​មុខ​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ក្នុង​ឱកាស​ក្រុង​ពាលី​រឿង​ភាគ​ថ្មី​របស់​ខ្លួន ដោយ​កំលោះ​វ័យ ២៩ឆ្នាំ​រូប​នេះ​បាន​​ទម្លាយ​ថា​ព័ត៌មាន​ចចាមអារ៉ាម​ដែល​ថា​ស្នេហា​របស់​ខ្លួន​ត្រូវ​បែកបាក់​ដោយ​សារ​មាន​អ្នក​ទី​បី​នោះ​មិន​មែន​ជា​រឿង​ពិត​ឡើយ ប៉ុន្តែ​​ហេតុផល​ពិត​គឺ​មាន​បច្ច័យ​ច្រើន​រួម​ផ្សំ​ បូក​រួម​ទាំង​រឿង​ថ្លៃ​បណ្ណាការ ៧០ទៅ៨០លាន​បាត (ប្រមាណ ២,៥លាន​ដុល្លារ) ដែល​ម្ដាយ​របស់​ Kwan បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សា។ តារា​រូប​នេះ​បន្ត​ទាំង​រលីង​រលោង​ទឹក​ភ្នែក​​ថា កន្លង​មក​រូប​គេ​ក៏​ព្យាយាម​ទទួល​ការងារ​គ្រប់​ច្រក​ល្ហក​ទាំង​អស់ និង​ព្យាយាម​​បង្កើត​មុខ​ជំនួញ ដើម្បី​រក​ប្រាក់ តែ​ក៏​នៅ​មិន​ទទួល​បាន​ការ​ពេញ​ចិត្ត​ ហើយ​ចំពោះ​ការ​ត្រលប់​មក​សាង​ចំណង​ស្នេហ៍​ជា​លើក​ទី​ពីរ​នេះ រូប​គេ​​ព្យាយាម​ខ្លាំង​មែនទែន ព្រោះ​ពួក​គេ​ធ្លាប់​ជួប​រឿង​បែប​នេះ​ម្ដង​ហើយ​កាល​ពី​១០​ឆ្នាំ​មុន។

ក្រៅ​ពី​បញ្ហា​គ្រួសារ Golf ក៏​បាន​បង្ហាញ​ថា​មូលហេតុ​រួម​ផ្សំ​ដែល​នាំ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​បែក​គ្នា​កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ដោយ​សារ​បញ្ហា​មុខ​ជំនួញ ដោយ​ហេតុ​ថា​មួយ​រយៈ​នេះ​ពួក​គេ​ទាំងពីរ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ច្រើន​ក្នុង​ការ​រកស៊ី ហើយ​ស្រប​ពេល​ជំនួញ​មាន​បញ្ហា ក៏​មាន​ការ​ទាស់ទែង​ខ្វែង​សម្ដី​គ្នា​ញឹកញាប់។

ក្រោយ​ការ​បក​ស្រាយ​របស់​ខាង​ប្រុស តារា​សម្ដែង Kwan Usamanee ជា​ភាគី​ខាង​ស្រី​ក៏​មិន​អាច​នៅ​ស្ងៀម​បាន ដោយ​នៅ​ព្រឹក​​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា នេះ តួ​ឯក​ស្រី​ប៉ុស្តិ៍​លេខ​ ៧​បាន​​​ចេញ​មុខ​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ​ និង​បាន​​បក​ស្រាយ​រឿងរ៉ាវ​របស់​ខ្លួន​ដោយ​ផ្ទាល់​ថា​បញ្ហា​រឿង​រៀបការ​គឺ​ជា​បំណង​របស់​ចាស់​ទុំ​ខាង​ខ្លួន ដែល​ចង់​ឃើញ​កូន​ចៅ​រៀបការ​ពេញ​ច្បាប់​ ព្រោះ​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​គួរ​តែ​រៀបការ​ឲ្យ​ស្រេច​ៗ​ល្អ​ជាង។ ប៉ុន្តែ​ពេល​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជាមួយ​ចាស់​ទុំ​ខាង Golf ម្ដាយ​របស់​ខាង​ប្រុស​ក៏​និយាយ​ស្ដី​ហាក់​មិន​ឲ្យ​តម្លៃ​នាង​ជា​ខាង​ស្រី ដោយ​និយាយ​ថា​មិន​មាន​លុយ​ថ្លៃ​បណ្ណាការ​ឲ្យ​ទេ ហើយ​ថា​បើ​​ចង់​រៀបការ​គឺ​ត្រូវ​​ចាំ​ឲ្យ​គាត់​ស្លាប់​សិន​ចាំ​យក​ទ្រព្យ​សម្បត្តិ​ទៅ​ធ្វើ​ថ្លៃ​បណ្ណាការ ឬ​បើ​ចង់​ការ​ខ្លាំង​ណាស់​​ត្រូវ​​មាន​ផ្ទៃ​ពោះ​សិន​សឹម​ការ។ ចំណែក Golf ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ ក៏​មិន​បាន​ជួយ​និយាយ​ការពារ​នាង​ឡើយ។ Kwan រៀបរាប់។

ចំណែក​បញ្ហា​ថ្លៃ​បណ្ណាការ​រាប់​លាន​ដុល្លារ​ដែល Golf អះអាង​ថា​ម្ដាយ​របស់​នាង​តែង​លើក​មក​និយាយ​ដដែល​ៗ​ រហូត​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បែក​គ្នា​នោះ Kwan បាន​បង្ហើប​ថា​ម្ដាយ​របស់​ខ្លួន​និយាយ​ក្នុង​លក្ខណៈ​លេង​សើច​ប៉ុណ្ណោះ ពោល​ការ​បែក​គ្នា​នេះ គឺ​គ្មាន​អ្វី​ពាក់ព័ន្ធ​ថ្លៃ​បណ្ណាការ​ទេ ហើយ​រឿង​ជន​ទី​បី​ក៏​គ្មាន​ទាំង​សង​ខាង។

ចុង​បញ្ចប់ តារា​ស្រី​វ័យ ២៩ឆ្នាំ​បាន​ពោល​ថា​ខ្លួន​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គិត​ខុស ដែល​ត្រលប់​មក​ស្រឡាញ់​គ្នា​ជាមួយ​បុរស​ម្នាក់​នេះ​ម្ដង​ទៀត ក្រោយ​ពី​ធ្លាប់​បែកបាក់​គ្នា​ម្ដង​ហើយ​កាល​ពី​ជាង ១០ឆ្នាំ​មុន ៕

Kwan និង Golf ពេល​នៅជុំគ្នា
Kwan និង ម្ដាយ

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម