ស្រលាញ់​មើល​ចិត្ត​សិន​បាន តែ​កុំ​រៀបការ​នឹង​បុរស​៤​ប្រភេទ​នេះ ប្រយ័ត្ន​ដូច​បក្សី​ជាប់​ទ្រុង

  • 2018-01-23 01:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ស្នេហា​មុន​ឈាន​ដល់​ដំណាក់​កាល​ជា​ប្ដី​ប្រពន្ធ​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ច្រើន​ឆ្នាំ​ដើម្បី​ស្វែង​យល់​ពី​គ្នា​។ ក្នុង​រយៈ​ពេល​នៅ​សិក្សា​ចិត្ត​គ្នា​នេះ បើ​ក្នុង​ករណី​ណា​មួយ​ត្រូវ​បែក​គ្នា​ ច្បាស់​ជា​នៅ​តែ​មាន​អារម្មណ៍​ឈឺចាប់​មិន​ខាន។ ប៉ុន្តែ​បើ​ស្រីៗ​យើង​រក​ឃើញ​ថា​បុរស​ដែល​យើង​កំពុង​ដាក់​ចិត្ត​ស្រលាញ់​មាន​ចរិត​ដូច​ខាង​ក្រោម​នេះ គួរ​តែ​ដក​ខ្លួន​ចេញ​ ទ្រាំ​ឈឺចាប់​មួយ​ពេល​សិន​ចុះ ជាជាង​វេទនា​ចិត្ត​មួយ​ជីវិត​ទៅ​ថ្ងៃ​ក្រោយ។

បុរស​ដែល​ប្រច័ណ្ឌ​មិន​ដឹង​ក្បាល​កន្ទុយ

កុំ​យក​លេស​ថា មក​ពី​ស្រលាញ់​ទើប​ប្រច័ណ្ឌ ពាក្យ​នេះ​គ្រាន់​តែ​ជា​ការ​ដោះសា​យក​គុណសម្បត្តិ​របស់​បុរស​ខូច​ប៉ុណ្ណោះ។ បើ​ថា​សង្សារ​ជា​នារី​ឡូយឆាយ​ ឱ្យ​ភ្នែក​ប្រុស​ផ្សេង​ញឹកញាប់​ទៅ​អាច​ថា​មិន​ប្រច័ណ្ឌ​មិន​បាន ប៉ុន្តែ​បើ​សង្សារ​ជា​នារី​សុភាព ស្រលាញ់​ខ្លួន​ដោយ​ស្មោះ ហើយ​បែរ​ជា​គិត​តែ​រក​រឿង​ប្រច័ណ្ឌ​មិន​ឈប់​មិន​ឈរ យក​ល្អ​កុំ​បណ្ដោយ​ពេល​ជាមួយ​បុរស​បែប​នេះ​ទៀត​អី គ្មាន​ក្ដី​សុខ​ទេ។

បុរស​ដែល​គិត​ពី​រឿង​ផ្លូវ​ភេទ​មិន​ដឹង​ថ្ងៃ​មិន​ដឹង​យប់

បើ​ពេល​រាប់អាន​គ្នា​មួយ​រយៈ​ គេ​ចេះ​តែ​លួងលោម​អ្នក​ទៅ​ធ្វើ​រឿង​ស៊ី​ជម្រៅ​ដែល​អ្នក​មិន​ចង់​ ឬ​ធ្លាប់​បាន​ហើយ តែ​ចេះ​តែ​ចង់​បាន​ទៀត មិន​ឈប់​ឈរ មិន​យល់​អារម្មណ៍​អ្នក​នោះ ​គួរ​តែ​ឈប់​ទាក់ទង​ទៀត​ទៅ។ បុរស​ប្រភេទ​នេះ​បើ​ថ្ងៃ​ក្រោយ​បាន​រៀបការ​ជាមួយ​ គេ​នឹង​ទុក​អ្នក​សម្រាប់​តែ​កំដរ​ចំណង់​របស់​គេ​​ ដោយ​មិន​ខ្វល់​ថា​អ្នក​ឈឺ​ជា ឬ​ហត់​នឿយ​យ៉ាង​ណា​ទេ សំខាន់​ឱ្យ​តែ​បាន​តាម​បំណង​សិន។

បុរស​ដែល​ទុក​លុយ​កាក់​ជា​សំខាន់

ពាក្យ​ដែល​គេ​តែង​និយាយ​ត​គ្នា​ថា "ទុក្ខ​ស្រី​ប្ដី​កាន់​លុយ" ការ​ពិត​គឺ​មាន​មែន​។ ធម្មតា​រឿង​លុយ​កាក់​ គឺ​នារី​ជា​អ្នក​ទុក​ដាក់​ ពេល​ប្ដី​រក​បាន​មក ព្រោះ​នារី​ចេះ​បែង​ចែក​ដឹង​ថា​គួរ​ចាយ​ប៉ុន្មាន ទុក​ប៉ុន្មាន​ដើម្បី​គ្រួសារ​បាន​រុង​រឿង។ ប៉ុន្តែ​បើ​ប៉ះ​ប្រពន្ធ​មិន​ចេះ​ទុក​ដាក់ ការ​ដែល​ប្ដី​យក​លុយ​ទៅ​កាន់​កាប់​បែង​ចែក​គឺ​ជា​រឿង​ប្រសើរ​ទៅ​វិញ។ ផ្ទុយ​ទៅ​វិញ បើ​គាត់​ជា​មនុស្ស​ស្រលាញ់​លុយ​តាំង​ពី​ដំបូង អ្នក​អាច​នឹង​គ្មាន​សិទ្ធិ​អ្វី​សោះ​ឡើយ គឺ​បាន​ត្រឹម​ទទួល​តែ​អ្វី​ដែល​គាត់​នឹង​ផ្ដល់​ឱ្យ​ប៉ុណ្ណោះ។

បុរស​ដែល​ចូលចិត្ត​ប្រើ​កម្លាំង​បាយ​ដោះ​ស្រាយ​បញ្ហា

ទោះ​បី​គាត់​ប្រើ​កម្លាំង​បាយ​ជាមួយ​អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​អ្នក​ក៏​ដោយ​ នេះ​ដោយសារ​ក្នុង​រយៈ​ពេល​ស្រលាញ់​ដំបូង គាត់​ចង់​ឱ្យ​អ្នក​ជឿជាក់​និង​គិត​ថា​គាត់​ជា​មនុស្ស​ល្អ​ប៉ុណ្ណោះ​។ បុរស​ប្រភេទ​នេះ​ ថ្ងៃ​ក្រោយ​បើ​បាន​ជា​ប្ដី​ អ្នក​មុខ​ជា​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ភាគរយ​ច្រើន​ ទោះ​មិន​មែន​ហិង្សា​ដោយ​កម្លាំង​បាយ ក៏​ការ​ស្រែក​ជេរ​ ឬ​ឈ្មោះ​ប្រកែក​បែក​ផ្សែង​ដែរ៕

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម