រឿង​៨​​យ៉ាង​ដែល​​នឹង​កើតឡើង ​ក្រោយ​ពេល​អ្នក​ឈប់​​​​​ប្រើ​​ថ្នាំ​ពន្យារ​កំណើត​​ភ្លាមៗ​

  • 2018-01-21 05:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្នាំ​ពន្យារ​កំណើត​គឺ​ជា​ជម្រើស​មួយ​ ​នៃ​ការ​ការពារ​កុំ​ឲ្យ​មាន​​ផ្ទៃ​ពោះ​​សម្រាប់​ស្ត្រី​។ ជា​ទូទៅ​ថ្នាំ​ប្រភេទ​នេះ គឺ​​មាន​សុវត្ថិភាព ប្រសិទ្ធភាព តម្លៃ​សមរម្យ និង​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ទិញ​ណាស់​។ ប៉ុន្តែ​ប្រសិន​បើ​​​​អ្នក​បាន​​ប្រើប្រាស់​​វា​​មួយ​រយៈ ហើយ​ក៏​ស្រាប់​តែ​ប្ដូរ​ចិត្ត​ចង់​ឈប់​ប្រើ​វិញ ដោយសារ​មូលហេតុ​ណា​មួយ​ នោះ​អ្នក​​ប្រាកដ​ជា​ជួប​ប្រទះ​បញ្ហា​ទាំង​៨​​យ៉ាង​នេះ​មិន​​ខាន​៖​

១. អ្នក​អាច​មាន​ផ្ទៃ​ពោះ​

ដំណើរ​នៃ​ការ​បញ្ចេញ​អូវុល​ នឹង​ចាប់ផ្ដើម​​​បន្ទាប់​ពី​មួយ​សប្ដាហ៍​​ក្រោយ​ការ​ឈប់​ប្រើ​ថ្នាំ​​​។​ ឧកាស​នៃ​ការ​មាន​ផ្ទៃពោះ​ខ្ពស់ ប្រសិន​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​។ ដូច្នេះ​​​បើ​អ្នក​ចង់​បន្ត​ការ​ពន្យារ​កំណើត​នេះ​ត​ទៅ​​ទៀត អ្នក​ត្រូវ​ចាប់​ផ្ដើម​ប្រើ​វា​​បន្ត​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ក្រោយ​ការ​​ឈប់​នេះ​ដូច​គ្នា​។​

២. បម្រែបម្រួល​នៃ​អារម្មណ៍​

វា​អាច​ខុស​គ្នា​ទៅ​តាម​បុគ្គល​ម្នាក់ៗ​។ សម្រាប់​​ស្ត្រី​ដែល​​ពី​មុន​​​​តែងតែ​ជួប​​បម្រែបម្រួល​អារម្មណ៍​ខ្លាំង​មុន​ថ្ងៃ​មក​រដូវ អាច​នឹង​ប្រឈម​ជាមួយ​​បញ្ហា​នេះ​ជា​ថ្មី​ម្ដង​ទៀត​។ អ្នក​ខ្លះ​ក៏​មិន​មាន​អ្វី​ប្រែប្រួល​​គួរ​ឲ្យ​​កត់​សម្គាល់​។ ប៉ុន្តែ​​សម្រាប់​​ស្ត្រី​ដែល​​​ទទួល​ឥទ្ធិពល​អាក្រក់​ដូចជា អាការៈ​​មួម៉ៅ ធុញថប់ មិន​មាន​​ចំណង់​ផ្លូវ​ភេទ កំឡុង​ពេល​ប្រើ​ថ្នាំ អាច​នឹង​មាន​អារម្មណ៍​ល្អ​​ប្រសើរ​វិញ​បន្ទាប់​ពី​ការ​​​ផ្អាក​នេះ​។​

៣. ការ​ឈឺចាប់ និង​ធ្លាក់​​ឈាម​ច្រើន​​ពេល​មក​រដូវ​

នៅ​ពេល​ដែល​អ្នក​មក​រដូវ​​ជា​ថ្មី អ្នក​នឹង​ប្រឈម​ជាមួយ​ការ​ឈឺចាប់ ក៏​ដូចជា​ការ​ធ្លាក់​ឈាម​​ច្រើន​ខុស​ពី​ធម្មតា​​​​។ វា​ក៏​អាស្រ័យ​ទៅ​តាម​​បុគ្គល​ម្នាក់ៗ​ដូចគ្នា​។ ប្រសិន​​​​​​ពី​មុន​អ្នក​​តែងតែ​មាន​បញ្ហា​ កំឡុង​ពេល​មក​រដូវ ​ជៀស​មិន​ផុត​បញ្ហា​ចាស់ៗ​ទាំង​នោះ​នឹង​ត្រឡប់​មក​រក​អ្នក​​វិញ​​ដដែល​​​​។​​

៤. ការ​ជ្រុះ​សក់​

ការ​​ឈប់​ប្រើ​ថ្នាំ បាន​បន្ថយ​​ការ​លូតលាស់​នៃ​សក់​ថ្មី​។​ ដូច្នេះ​​អ្នក​នឹង​ប្រឈម​ជាមួយ​ការ​ជ្រុះ​សក់ ដែល​ជា​ឥទ្ធិពល​​ប្រូសេស្តេរ៉ូន​ របស់​ថ្នាំ​ពន្យារ​កំណើត​។​

៥. បម្រែបម្រួល​​សុដន់​

បញ្ហា​នេះ​​​​អាស្រ័យ​ទៅ​កម្រិត​ប្រតិកម្ម​របស់​បុគ្គល​ម្នាក់ៗ​ចំពោះ​​បម្រែបម្រួល​អ័រម៉ូន​​កំឡុង​ពេល​ប្រើ​ និង​ប្រភេទ​ថ្នាំ​​ផង​ដែរ​។ អ្នក​ខ្លះ​អាច​​ប្រឈម​ជាមួយ​ការ​ឈឺចាប់ ដោយសារ​តែ​សុដន់​​ឡើង​តឹង ហើយ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ធូរ​ស្រាល​ក្រោយ​​ពេល​​ឈប់​​ប្រើ​ទៅ​វិញ​។​

៦. ចំណង់​ផ្លូវ​​ភេទ​កើនឡើង​

នេះ​ជា​ដំណឹង​ល្អ​ ព្រោះ​អ្នក​នឹង​ទទួល​បាន​សុភមង្គល​​ផ្លូវ​ភេទ​ជា​ថ្មី​។​ ចំណង់​ផ្លូវ​​​ភេទ​ថយ​ចុះ​ដោយសារ​ឥទ្ធិពល​ថ្នាំ​ពន្យារ​កំណើត​​បាន​បន្ថយ​​​កម្រិត​អ័រម៉ូន​​តេស្តូស្តេរ៉ូន​​នៅ​ក្នុង​ចរន្ត​​ឈាម​។ ដូច្នេះ​​អ្វីៗ​នឹង​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ​ក្រោយ​ការ​​ឈប់​ប្រើ​វា​។​

៧. កើត​មុន​

ការ​ធ្លាក់​ចុះ​នៃ​​អ័រម៉ូន​តេស្តូស្តេរ៉ូន​ បណ្ដាល​ឲ្យ​ការ​កើត​មុន​នៅ​លើ​ស្បែក​​​​​​វិវត្ត​ទៅ​រក​ភាព​ល្អ​ប្រសើរ​​​​។ ដូច្នេះ​ពេល​អ្នក​​ឈប់​ប្រើ មុន​ទាំង​នោះ​នឹង​ត្រឡប់​មក​វិញ​។ ផ្ទុយ​ទៅ​វិញ ​​ចំពោះ​ស្ត្រី​ដែល​កំឡុង​ពេល​ប្រើ​ថ្នាំ​ ជួប​បញ្ហា​ស្បែក​​​​ ​លទ្ធផល​ពេល​​ឈប់​ប្រើ​​ប្រាកដ​ជា​ផ្ទុយ​គ្នា​​មិន​ខាន​។​

៨. ការ​​ធ្លាក់​ចុះ​នៃ​ជាតិ​ដែក​

ថ្នាំ​ពន្យារ​កំណើត មាន​ផ្ទុក​ជាតិ​ដែក​។ ដូច្នេះ​​ប្រសិន​បើ​​ពេល​ឈប់​ប្រើ អ្នក​ធ្លាក់​ឈាម​ច្រើន​ពេល​មក​រដូវ នោះ​វា​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក​ហើយ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​ងាក​មក​យក​ចិត្ត​ទុកដាក់​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​បង្កើន​បរិមាណ​ជាតិ​ដែក​នោះ​ឡើង​វិញ​៕

ចុចអាន៖ក្រៅ​ពី​មិនឲ្យមាន​កូន ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ជួយ​សុខភាព​ច្រើនដល់​ថ្នាក់​ស្រីៗ​ខ្លះ​ក៏​មិន​ដឹង​ផង

ប្រភព៖ popsugar ប្រែសម្រួល៖ អូន បញ្ញា