​សោក​ស្ដាយ​ជំនួស​​គូ​ស្នេហ៍​​បែក​គ្នា ដែល​​មិន​បាន​អាន​អត្ថបទ​នេះ

  • 2018-01-16 05:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ឃើញ​គូ​ស្នេហ៍​ដែល​ស្រឡាញ់​គ្នា​ខ្លាំង ហើយ​ត្រូវ​បែក​គ្នា ​អ្នក​ក្រៅ​ឯណេះ​ក៏​ទ្រាំ​មិន​ស្ដាយ​មិន​បាន។ គិត​ទៅ​មើល ទម្រាំ​​បាន​ជួប​មនុស្ស​ដែល​គេ​ស្រឡាញ់​យើង ហើយ​យើង​ក៏​ស្រឡាញ់​គេ វា​មិន​មែន​ជា​រឿង​ស្រួល​សោះ​ឡើយ តែ​មិន​គួរ​ណា​មក​បែក​គ្នា​ងាយ​ៗ​ដោយ​សារ​តែ​ “ភាព​មានៈ”​ ចង់​ឈ្នះ​រៀង​ខ្លួន។ មិន​ចង់​ឃើញ​អ្នក​ណា​ត្រូវ​បែក​គ្នា​​ដោយ​សារ​ហេតុផល​នេះ​ទៀត​ឡើយ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា​ សូម​​ដក​ស្រង់​​​រឿង​និទាន​អប់រំ​ចិត្ត​​ពី​សៀវភៅ​បរទេស​មួយ​ មក​ប្រែ​សម្រួល​​សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​មាន​រឿង​អន់​ចិត្ត​ជាមួយ​គូ​ស្នេហ៍​នៅ​ពេល​នេះ។  

រូបតំណាង

មាន​ស្វាមី​ភរិយា​មួយ​គូ​ទើប​តែ​រៀបការ​មិន​បាន​ប៉ុន្មាន ក្រោយ​មក​ប្រទេស​ក៏​កើត​សង្គ្រាម។ ស្វាមី​ត្រូវ​កេណ្ឌ​ទៅ​ធ្វើ​ទាហាន ដូច្នេះ​ក៏​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចោល​ប្រពន្ធ​ជា​ទី​ស្រឡាញ់។ កន្លង​ផុត​ទៅ ៤​ឆ្នាំ ភរិយា​ក៏​បាន​ផ្ដល់​កំណើត​ឲ្យ​កូន​ប្រុស​ម្នាក់​អាយុ​បាន​ ៤​ខួប។ នៅ​ពេល​បាន​ដឹង​ដំណឹង​ថា​​ប្ដី​​របស់​ខ្លួន​ត្រលប់​ពី​សង្គ្រាម​វិញ ប្រពន្ធ​ក៏​ដឹកដៃ​កូន​ប្រុស​ទៅ​ទទួល​​ឪពុក​ភ្លាម។ នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ផ្សារ ម្នាក់​ៗ​ក៏​ស្ទុះ​ឱប​គ្នា​ដោយ​អារម្មណ៍​​រំភើប​រីករាយ។ នាង​ជា​ម្ដាយ​ក៏​ប្រាប់​​ឲ្យ​កូន​ប្រុស​ឱប​ឪពុក ប៉ុន្តែ​​ដោយ​​មិន​ធ្លាប់​ឃើញ​មុខ​គ្នា​​​ពី​មុន កូន​ប្រុស​ក៏​ឈរ​ធ្វើ​មុខ​ចម្លែក​ៗ។ ស្ត្រី​ជា​ម្ដាយ​គិត​ថា​មិន​អី​ទេ បន្តិច​ទៀត​ឪពុក​និង​កូន​នឹង​ត្រូវ​គ្នា​ឯង ដូច្នេះ​ក៏​បណ្ដោយ​ឲ្យ​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា ចំណែក​នាង​ក៏​ចូល​​ទៅ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ ដោយ​គិត​ថា​ល្ងាច​នេះ​នឹង​ធ្វើ​ម្ហូប​អាហារ​​ដែល​មាន​ឱជារស​ឆ្ងាញ់​បំផុត​​ដើម្បី​អបអរ​ការ​វិល​ត្រលប់​របស់​ស្វាមី។  

ចន្លោះ​ពេល​ដែល​ប្រពន្ធ​ចូល​ទិញអីវ៉ាន់ ​ប្ដី​​​ក៏​ទាញ​ខ្លួន​កូន​មក​​ឱប ហើយ​ប្រាប់​កូន​ឲ្យ​ហៅ​ខ្លួន​ឯង​ថា ពុក។ បុរស​ជា​ឪពុក​ខំ​ប្រឹង​និយាយ​លួងលោម​កូន​យ៉ាង​យូរ រហូត​​កូន​តូច​​​មាន​អារម្មណ៍​ធុញ​ទ្រាន់ ទើប​រលាស់​ខ្លួន​ចេញ​​មក ហើយ​និយាយ​ថា "អ៊ំ​ឯង​មិន​មែន​ពុក​ខ្ញុំ​ទេ ពុក​ខ្ញុំ​ចូល​ចិត្ត​មក​រក​ម៉ែ​ និង​ខ្ញុំ​តែ​ពេល​យប់​ទេ ពេល​ម៉ែ​អង្គុយ ពុក​​ក៏​អង្គុយ ពេល​ម៉ែ​សម្រាន្ត ​ពុក​​ក៏​សម្រាន្ត​ដែរ”។ បាន​ឮ​កូន​និយាយ​បែប​នេះ គេ​​ទន់​ខ្លួន ស្លេក​មុខ កំហឹង​ក្រេវក្រោធ​ក៏​ចូល​ពេញ​ខួរ​ក្បាល។ គេ​មិន​ព្រម​និយាយ​ជាមួយ​ប្រពន្ធ​ទៀត​ឡើយ មិន​ថា​នាង​ព្យាយាម​រក​ចង្វាក់ ​បបួល​និយាយ​យ៉ាង​ណា​ក៏​ដោយ។ គេ​តែង​និយាយ​ថា ស្នេហា​គឺ​ជា​អារម្មណ៍​បញ្ច្រាស​គ្នា​ជាមួយ​នឹង​​ការ​ស្អប់ ហើយ​​បើ​ស្នេហា​មិន​បាន​សុខ ក្ដី​ទុក្ខ​នឹង​ឡើង​​មក​តាម​ក្រោយ។ ពេល​ស្នេហា​​មិន​សម​បំណង អារម្មណ៍​ស្រឡាញ់​​នឹង​ក្លាយ​ជា​ស្អប់ ក្ដី​ទុក្ខ​នឹង​ចូល​មក​រុកកួន​​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ។ នាង​ជា​ប្រពន្ធ​អត់ធន់​នឹង​ភាព​សោះអង្គើយ​របស់​ស្វាមី​​បាន​ ៣ថ្ងៃ ក្រោយ​មក​​​ទ្រាំ​លែង​បាន នាង​ក៏​សម្រេច​ចិត្ត​លោត​ទឹក​សម្លាប់​ខ្លួន។  

នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ បុរស​ប្ដី​ក៏​បាន​អុជ​ចង្កៀង​ដាក់​នៅ​ក្បែរ​មឈូស​សព​ប្រពន្ធ។ នៅ​​ពេល​គេ​ក្រោក​ដើរ​ទៅ​មក កូន​ប្រុស​ក៏​ស្រែក​យំ​ខ្លាំង​ៗ​និង​ចង្អុល​​ទៅ​កាន់​ស្រមោល​របស់​​​ឪពុក​​លើ​ជញ្ជាំង​ ​និយាយ​ថា “នុះ! ពុក​ខ្ញុំ​មក​ហើយ ពុក​ចូល​ចិត្ត​មក​តែ​ពេល​យប់ ពេល​ម៉ែ​អង្គុយ ពុក​ក៏​អង្គុយ ពេល​ម៉ែ​សម្រាន្ត​ ពុក​ក៏​សម្រាន្ត”។ បុរស​​ជា​ឪពុក​ងាក​មក​មើល ពុក​ដែល​កូន​និយាយ ក៏​ឃើញ​ថា​មាន​តែ​ស្រមោល​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។ មក​ដល់​វិនាទី​នេះ ទើប​គេ​បាន​យល់​ថា ​ប្រពន្ធ​​ស្រឡាញ់ និង​ស្មោះស្ម័គ្រ​ចំពោះ​គេ​ខ្លាំង​ប៉ុណ្ណា ដោយ​សុខ​ចិត្ត​​ប្រឌិត​​​ថា​​ស្រមោល​ខ្លួន​ឯង​គឺ​ជា​ឪពុក​របស់​កូន រហូត​ធ្វើ​ឲ្យ​​កូន​​តូច​យល់​ច្រឡំ។

រូបតំណាង

ព្រឹក​ថ្ងៃ​បន្ទាប់ អ្នក​ភូមិ​ក៏​ប្រទះ​សាកសព​​នាយ​ទាហាន​នៅ​មាត់​ទឹក កន្លែង​តែ​មួយ​​ជាមួយ​កន្លែង​ដែល​ភរិយា​របស់​គេ​សម្លាប់​ខ្លួន ដោយ​ទុក​ឲ្យ​កូន​ត្រូវ​ក្លាយ​ជា​កូន​កំព្រា​គួរ​ឲ្យ​អាណិត។ អនិច្ចា បើ​ថ្ងៃ​​នោះ​គេ​មិន​ចិត្ត​រឹងរូស​មានៈ​គិត​​ម្នាក់​ឯង​ថា​ប្រពន្ធ​មាន​សហាយ ហើយ​​ព្រម​ហើប​មាត់​សួរ​ប្រពន្ធ​ថា ឪពុក​របស់​កូន​ម្នាក់​នោះ​​ជា​នរណា ឬ​បើ​នាង​មិន​​ប្រកាន់​ចិត្ត​មានៈ​​ខ្លាំង ហើយ​ទុក​ពេល​ស្វែង​រក​មូលហេតុ​​នៃ​ភាព​ប្រែប្រួល​របស់​ប្ដី ហើយ​ងាក​មុខ​​និយាយ​គ្នា​ដោយ​​ប្រើ​ហេតុផល​ សោកនាដកម្ម​ទាំង​នេះ ក៏​គង់​មិន​កើត​ឡើង។  

នៅ​ពេល​ដាក់​ចិត្ត​ដាក់​កាយ​ថា​ស្រឡាញ់​គ្នា​ហើយ សូម​កុំ​ឲ្យ​ភាព​មានៈ​មក​បំផ្លាញ​ក្ដី​ស្រឡាញ់​របស់​ខ្លួន​ឲ្យ​សោះ។ សូម​គិត​ដល់​រឿង​ល្អ​ៗ ថ្ងៃ​ល្អ​ៗ ព្យាយាម​និយាយ​គ្នា​តាម​សម្រួល​ដោយ​ប្រើ​ហេតុផល​នៅ​ខណៈ​ដែល​កំពុង​ខឹង​គ្នា មុន​នឹង​គ្រប់​យ៉ាង​ក្លាយ​ជា​ហួស​ពេល ដូច​ជា​រឿង​និទាន​ខាង​លើ​នេះ ៕

ចុចអាន៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម