សាន​ ឆាយ​ចែក​រំលែក​វិធីសាស្ត្រ​ស្រក​ទម្ងន់​បាន​ ១០​គីឡូ​ក្នុង​មួយ​ខែ​ ក្រោយ​សម្រាល​កូន​រួច

  • 2018-01-16 06:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ប្រែ​ប្រួល​នៃ​រូបរាង​ ជា​ពិសេស​ក្រោយ​ពេល​សម្រាល​កូន​រួច​ជា​អ្វី​ដែល​ស្រី​ៗ​ពិបាក​ចៀសវាង​ ទោះ​បី​​ជា​ពួក​​គេ​ជា​តារា​ល្បី​យ៉ាង​ណា​ក៏​ដោយ។​ ម៉្យាង​ទៀត​ការ​រក្សា​រាងរៅ​ឲ្យ​បាន​នៅ​ស្វែល​ស្រឡូន​ស្អាត​ ​ពិតជា​មិន​មែន​រឿង​មួយ​ដែល​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​ម្ដាយ​ដែល​ទើប​​សម្រាល​​កូន​​​រួច​ដូច​​ តារា​ស្រី​តៃវ៉ាន់​ អ្នក​នាង​សាន់​ ឆាយ​ ក្នុង​រឿង​ស្នេហា​៤​ដួង​នេះ​ជា​ដើម។​

សាន​ ឆាយ​បាន​​សម្រាល​កូន​ប្រុស​ទី​ពីរ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧។​ បន្ទាប់​ពី​សម្រាល​កូន​រួច​បាន​មួយ​ខែ​ នាង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​​រិះ​គន់​ខ្លាំង​ៗ​​ពី​ការ​ឡើង​ទម្ងន់​យ៉ាង​គំហុក​របស់​នាង​។​ ការ​ចំអក​មាន​ដូច​ជា​ មុខ​ឡើង​ប៉ោង​ដូច​ហើម​ និង​ធាត់​ឡើង​លែង​មាន​ចង្កា​​ ដែល​ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​​នាង​ជា​ទម្ងន់។​

ក្រោយ​មក​ទៀត​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ស្វាមី​របស់​នាង​ដែល​ជា​អ្នក​ជំនួញ​ ឈ្មោះ​ Wang Xiaofei បាន​បង្ហោះ​រូប​របប​អាហារ​​​របស់​នាង​នៅ​លើ​​បណ្ដាញ​សង្គម​ Weibo​ ហើយ​និយាយ​ថា​ " បើ​ប្រពន្ធ​អ្នក​ចង់​ធ្វើ​អ្វី​មួយ​ហើយ​ គ្មាន​អ្នក​ណា​អាច​ហាម​នាង​បាន​ទេ។​ "

តាំង​ពី​ចាប់​ផ្តើម​តម​អាហារ​និង​ហាត់​ប្រាណ​មក​ សាន់​ ឆាយ​ ស្រក​ទម្ងន់​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​ ដោយ​ស្រក​បាន​១០​គីឡូ​ក្នុង​មួយ​ខែ។​

នាង​បាន​ចែក​រំលែក​តិចនិក​​ដូចជា​ ញ៉ាំ​អាហារ​តែ​២​​ពេល​ក្នុង​មួយ​ថ្ងៃ​ គឺ​ពេល​ព្រឹក​និង​ថ្ងៃ​ត្រង់​តែ​ប៉ុណ្ណោះ​ ចំណែក​ពេល​​យប់​គឺ​មិន​ញ៉ាំ​អី​តែ​ម្ដង។​ អាហារ​ពេល​ព្រឹក​មាន​ដូចជា​ ផ្លែ​ស្រកា​នាគ​ ១ភាគ​៤​ នៃ​ផ្លែ​ និង​ពេល​ថ្ងៃ​ត្រង់​ញ៉ាំ​ សាច់​២​ដុំ​និង​បន្លែ​ស្រុះ​២​ចាន។​

ម្យ៉ាង​វិញ​ទៀត​ នាង​បាន​ជួល​គ្រូ​បង្វឹក​ហាត់​ប្រាណ​ និង​ Yoga ​២​​ដង​ក្នុង​មួយ​អាទិត្យ​ ដោយ​ក្នុងមួយ​ដង​ត្រូវ​ចំណាយ​ពេល​១​ម៉ោង​។​ តួ​ស្រី​ក្នុង​រឿង​ ស្នេហា​៤​ដួង​ដដែល​នេះ បាន​អះ​អាង​ថា ក្រោយ​ពី​អនុវត្ត​វិធី​ថែ​រក្សា​រាង​បែប​នេះ​កន្លង​មក ពេល​នេះ​នាង​អាច​ស្លៀក​ខោអាវ​ទំហំ S និង XS បាន​ហើយ ហើយ​ត្រូវ​ការ​សម្រក​៤គីឡូ​បន្ថែម​ទៀត ដើម្បី​អាច​វិល​ទៅ​រក​ទំហំ​ខ្លួន​មុន​ពេលមាន​ផ្ទៃ​ពោះ​របស់​នាង៕

ចុចអាន៖ក្មេង​ស្រី​ទម្ងន់​៨០គីឡូ​ ស្រក​ទម្ងន់​និង​​ក្លាយ​ជា​ទេព​អប្សរ​ ក្រោយ​Crush​បដិសេធ​ស្នេហ៍

ចុចអាន៖ញ៉ាំ​ចេក​លឿង​មួយ​ថ្ងៃមួយផ្លែ ត្រឹម ៤ ថ្ងៃអាចសម្រក​ទម្ងន់​បាន​ ៣ គីឡូ

ប្រភព៖ Toggle ប្រែ​សម្រួល៖ Pencharm