​​ស្រឡាញ់​គ្នា​​ស្ទើរ​លេប​​ក៏​ដោយ បើ​មនុស្ស​​​​មិន​ល្អ ក៏​គង់​​នៅ​ជាមួយ​គ្នា​មិន​បាន​យូរ

  • 2018-01-15 05:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សូម​ជ្រើសរើស​មនុស្ស​ដែល​មាន​ សីលធម៌​​ មក​ធ្វើ​ជា​គូ​ជីវិត។

នៅ​ពេល​ជ្រើស​រើស​ដៃ​គូ​ជីវិត យើង​មិន​គួរ​ប្រញាប់ប្រញាល់​នោះ​ឡើយ។ ឃើញ​មុខមាត់​​ ដំណើរ​ទំនង​ត្រូវ​ចិត្ត ក៏​កុំ​អាល​ទាន់​សម្រេច​ចិត្ត​រើស​គេ​ធ្វើ​ជា​គូ​ជីវិត គួរ​ចំណាយ​ពេល​មើល​ចិត្ត​គ្នា ឲ្យ​យល់​ពី​ចរិត​ពិត​សិន កុំ​ស្គាល់​ត្រឹម​តែ​សម្បក​ក្រៅ​។

ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ស្គាល់​ពី​ចរិត​ពិត សន្ដាន​ពិត​របស់​គេ​ថា​តើ​ពិត​ជា​ល្អ ឬ​យ៉ាង​ណា មាន​​​​សីល ៥​ក្នុង​ខ្លួន​ដែរ​ឬ ក៏​អត់។ បើ​មាន​គឺ​អាច​ចាត់​ទុក​ថា​គេ​ជា​​មនុស្ស​ល្អ គួរ​​រស់​នៅ​ជាមួយ​គ្នា​បាន។

ប្រសិន​បើ​ឲ្យ​ជ្រើសរើស​រវាង​មនុស្ស​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​​តែ​គ្មាន​​សីលធម៌ ជាមួយ​មនុស្ស​ដែល​មាន​សីលធម៌​ប៉ុន្តែ​គ្មាន​ទ្រព្យ​ស្ដុកស្ដម្ភ សូម​ជ្រើសរើស​អ្នក​ដែល​មាន​សីលធម៌​ប្រសើរ​ជាង នោះ​យើង​នឹង​មិន​ខក​ចិត្ត មិន​ខូច​ចិត្ត។ បើ​ជ្រើសរើស​មនុស្ស​ដែល​មាន​ទ្រព្យ ប៉ុន្តែ​គ្មាន​សីលធម៌ នៅ​ថ្ងៃ​ណា​មួយ​ គេ​អាច​បោះបង់​យើង​ចោល​ ហើយ​ទៅ​មាន​ថ្មី​ក៏​ថា​បាន ព្រោះ​គេ​មាន​មាស​ប្រាក់ គេ​​ត្រូវ​ការ​រក​ថ្មី​ពេល​ណា​ក៏​បាន។

ដើម្បី​ជ្រើសរើស​បាន​មនុស្ស​ល្អ យើង​ក៏​ត្រូវ​មាន​ភាព​វៃ​ឆ្លាត និង​ចេះ​បែងចែក​ថា​មនុស្ស​ល្អ​យ៉ាង​ម៉េច ​មនុស្ស​មិន​ល្អ​នោះ​យ៉ាង​ម៉េច ទើប​យើង​អាច​បាន​មនុស្ស​ល្អ​នោះ​មក​ធ្វើ​ជា​គូ​ជីវិត ឬ​មិត្តភ័ក្ដិ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ក្ដី​សុខ ព្រោះ​មនុស្ស​ល្អ​នឹង​មិន​បង្ក​ទុក្ខ​លំបាក​ឲ្យ​អ្នក​ណា​ឡើយ។

បើ​​បាន​មនុស្ស​មិន​ល្អ​ធ្វើ​ជា​មិត្ត ឬ​គូ​ជីវិត យើង​នឹង​មាន​ភាព​ឈឺ​ចាប់​ គ្រាំ​ចិត្ត ជា​រៀង​រហូត ព្រោះ​មនុស្ស​មិន​ល្អ​នឹង​មិន​ខ្វល់ខ្វាយ​ពី​អារម្មណ៍​អ្នក​ដទៃ នឹង​ជា​មនុស្ស​អាត្មានិយម ចង់​ធ្វើ​អ្វី​ក៏​ធ្វើ ដោយ​មិន​ចាប់​អារម្មណ៍​ថា​​ខ្លួន​ឯង​បាន​បង្កើត​ភាព​ក្ដៅ​ក្រហាយ​​ទាំង​កាយ​ទាំង​ចិត្ត​ឲ្យ​អ្នក​ដទៃ​ឬ​ក៏​អត់​ឡើយ។

ប៉ុន្តែ​មនុស្ស​ដែល​មាន​សីលធម៌ នឹង​គិត​គូរ​ជានិច្ច​ថា ទង្វើ​របស់​គេ​ទាំង​កាយ​ វាចា នឹង​សាង​ភាព​ក្ដៅ​ក្រហាយ​ឲ្យ​អ្នក​ដទៃ​ ឬ​ក៏​អត់។ បើ​សាង គេ​នឹង​មិន​ធ្វើ ព្រោះ​គេ​នឹង​មិន​​បំផ្លាញ​ដល់​ជីវិត​អ្នក​ដទៃ ​មិន​ដណ្ដើម​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ​មិន​លូកលាន់​ប្ដី​ប្រពន្ធ​អ្នក​ដទៃ ​មិន​កុហក​បោកប្រាស់ និង​​មិន​ឆ្កួត​ដោយ​សារ​គ្រឿងស្រវឹង គ្រឿង​ញៀន​នានា... ដូច្នេះ​ហើយ​ទើប​មនុស្ស​ល្អ គឺ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ចង់​ស្រឡាញ់​រាប់​អាន ព្រោះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ក្ដី​សុខ​ផ្លូវ​ចិត្ត និង​អារម្មណ៍​​សុវត្ថិភាព ៕

ប្រភព៖ fungtumpost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម