អត្ថប្រយោជន៍​៧​យ៉ាង​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ដែល​ស្ត្រី​គ្រប់​រូប​គួរ​ពិចារណា​

  • 2018-01-14 03:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​តាំង​ពី​ថ្ងៃ​​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​​ មនុស្ស​ស្រី​គ្រប់​រូប​ក៏​​​ចាប់ផ្ដើម​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជុំវិញ​ចំណេះដឹង​​ទាក់ទង​ជាមួយ​សុខភាព​មាតា និង​ទារក​។​ ក្នុង​នោះ​ដែរ ជម្រើស​ក្នុង​ការ​​បំបៅ​កូន​​ រវាង​ទឹក​ដោះ​ម្ដាយ និង​ម្សៅ​ទឹក​ដោះ​គោ​ក៏​ជា​​​បញ្ហា​ធំ​មួយ​​ដែល​​​ទាមទារ​ការ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ចំពោះ​គុណសម្បត្តិ និង​គុណវិបត្តិ​រៀង​ៗ​ខ្លួន​របស់​វា​។ ដើម្បី​​ជា​ចំណេះ​ដឹង​បន្ថែម ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​៧​យ៉ាង​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​​ ដែល​ស្ត្រី​គ្រប់​រូប​គួរ​ពិចារណា៖

១.ជា​អាហារូបត្ថម្ភ​ដែល​មាន​តុល្យភាព​​​ល្អ​ឥត​​ខ្ចោះ

​ ទឹកដោះ​ម្ដាយ​​​​ផ្ទុក​សារធាតុ​ចិញ្ចឹម​​​​ដ៏​ច្រើន​អស្ចារ្យ ដែល​​អាច​បំពេញ​គ្រប់​តម្រូវការ​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​ទារក​ ឲ្យ​​​​​ធំធាត់ និង​រឹងមាំ​​បាន​​យ៉ាង​​ល្អ​ប្រសើរ​​​​​​​​​​។​

២.​ផ្ដល់​ការ​​ការពារ​ពី​ធម្មជាតិ​​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ

​​ ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា​ ទឹកដោះ​ម្ដាយ​អាច​ផ្ដល់​នូវ​​អង់ទីករ​​ល្អៗ​ សម្រាប់​ការ​​ការពារ​ប្រឆាំង​ជាមួយ​ជំងឺ​​​ទូទៅ​ដែល​កុមារ​​​​អាច​ប្រឈម​មុខ​នៅ​វ័យ​ក្មេង​​​។ វា​ពិត​ជា​សំខាន់​​​ណាស់​​ព្រោះ​វ័យ​នេះ ​ការ​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​ការ​ព្យាបាល​គឺ​​​​មាន​កម្រិត​ខ្លាំង​ និង​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឡើយ​​។

៣.​បន្ថយ​ហានិភ័យ​​នៃ​​​​​​​​ជំងឺ​មរណភាព​​​ទារក​ភ្លាមៗ​ (SIDS)

វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​របស់​ឪពុកម្ដាយ​គ្រប់​រូប​។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ទឹកដោះ​ម្ដាយ​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​ដល់​៥០​ភាគរយ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​​ម្ដាយ​ព្យាយាម​​បំបៅ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​​រហូត​ពួកគេ​អាយុ​បាន​៦​ខែ​​។​

៤.​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ហឺត

​ ជំងឺ​ហឺត​គឺ​ជា​ជំងឺ​ផ្លូវ​ដង្ហើម ដែល​​​កើត​ឡើង​ដោយ​តំណពូជ​​។ ​​ថ្មីៗ​​​​នេះ​ការ​ស្រាវជ្រាវ​បាន​​​រក​ឃើញ​ថា​​​​វា​​អាច​ត្រូវ​បាន​​​រារាំង​​ដោយ​ការ​​​​បំបៅ​កូន​​ដោយ​ទឹក​ដោះ​ម្ដាយ​​។ នេះ​ជា​ដំណឹង​ក៏​រីករាយ​សម្រាប់​គ្រួសារ​ដែល​មាន​ប្រវត្តិ​ជំងឺ​នេះ​។

៥.​សន្សំសំចៃ​ថវិកា​គ្រួសារ

​ ប្រសិន​អ្នក​ចង់​​បំបៅ​កូន​ជាមួយ​​ម្សៅ​ទឹក​ដោះ​គោ អ្នក​ប្រាកដ​ជា​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​​​សន្ធឹកសន្ធាប់ ជា​រៀងរាល់​​ខែ​។ ដូច្នេះ​​​​​​ទឹកដោះ​ម្ដាយ​មិន​ត្រឹម​តែ​ល្អ​សម្រាប់​​សុខភាព​កូន​ វា​ថែម​ទាំង​ជួយ​​​សម្រាល​បន្ទុក​​គ្រួសារ​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង​។​​​​

៦.​ល្អ​ចំពោះ​បរិស្ថាន

​ ទឹកដោះ​ម្ដាយ​មិន​ត្រូវ​ការ​ ការ​វេច​ខ្ចប់​ច្រើន​នោះ​ទេ​ ដូច្នេះ​វា​ពិត​ជា​ល្អ​សម្រាប់​បរិស្ថាន​។ កំប៉ុង​​ទឹកដោះ​​គោ ដែល​​ត្រូវ​បាន​គេ​បោះចោល​គឺ​ជា​បណ្ដុំ​នៃ​សំរាម​ដែល​កំពុង​តែ​គំរាមកំហែង​ដល់​បរិស្ថាន​ជា​រៀងរាល់​ថ្ងៃ​។​

៧.​ដុត​កាឡូរី​​​របស់​ម្ដាយ

​ ក្រោយ​សម្រាល​កូន​រួច​ ម្ដាយ​គ្រប់​រូប​ប្រហែល​ជា​ពិបាក​ក្នុង​ការ​ត្រឡប់​ទៅ​រក​ទម្លាប់​ហាត់​ប្រាណ​ពី​មុន​ណាស់​។ រឿង​ក៏​ល្អ​នោះ​គឺ​ការ​បំបៅ​ដោះ​កូន អាច​ដុត​​​បំផ្លាញ​កាឡូរី​ពី ​​៤២៥ ទៅ​៧០០​​​​ក្នុង​មួយ​ថ្ងៃ ដែល​​អាច​ឲ្យ​គីឡូ​អ្នក​ស្រក់​ទៅ​រក​សភាព​ដើម​វិញ​​បាន​យ៉ាង​លឿន៕​​

ប្រភព៖ popsugar ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម