៦តិចនិក​កម្ចាត់​​ក្លិន​ក្លៀក ក្លិន​ខ្លួន​អាក្រក់ កុំ​ឲ្យ​ខ្មាស​គេ និង​គ្មាន​ភាព​ជឿជាក់​​ត​ទៅ​ទៀត

  • 2018-01-13 09:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

ធ្លាប់​អត់ នៅ​ពេល​ឈរ​ក្នុង​ហ្វូង​មនុស្ស​ច្រើន ហើយ​ក៏​ធំ​ក្លិន​ខ្លួន ក្លិន​ញើស​ពី​អ្នក​នៅ​ជុំវិញ ស្ទើរ​តែ​ខ្យល់​ចាប់ ហើយ​ក៏​មិន​ចង់​ចូល​ជិត​ពួក​គេ​ត​ទៅ​ទៀត ហើយ​ពេល​បញ្ហា​នេះ​កើត​ឡើង​លើ​ខ្លួន​ឯង ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច មិន​ហ៊ាន​ចូល​ជិត​អ្នក​ដទៃ​ដែរ។ រឿង​ក្លិន​ខ្លួន​នេះ មូលហេតុ​ធំ​នេះ​គឺ​ដោយ​សារ​ញើស កម្ដៅ​ថ្ងៃ ភ្លៀង​ ខ្យល់ និង​ជាតិ​ពុល​​នានា​ ដែល​នៅ​ជាប់​ខោ​អាវ​ និង​តួ​ខ្លួន​របស់​យើង ទាំង​នៅ​ក្លៀក គុម្ព​ត្រចៀក តាម ក... ជា​ពិសេស​​បើ​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ​ទៀត​ ញើស​ប្រាកដ​ជា​ហូរ​គ្រប់​ពេល និង​នាំ​មក​ជាមួយ​នូវ​ក្លិន​ដ៏​អាក្រក់។ ប៉ុន្តែ​បញ្ហា​ក្លិន​ខ្លួន​នេះ នឹង​អាច​បំបាត់​បាន​ តាម​វិធី ៦​យ៉ាង​ខាង​ក្រោម​នេះ៖

១. ងូត​ទឹក

នៅ​ពេល​បែក​ញើស មាន​ក្លិន​ញើស រឿង​ដំបូង​ដែល​គួរ​ធ្វើ​នោះ​គឺ​គួរ​ងូត​ទឹក​ជម្រះ​កាយ​ឲ្យ​ស្អាត​ ដើម្បី​លាង​សម្អាត​មេរោគ និង​បាក់តេរី​លើ​រាងកាយ​ឲ្យ​អស់ ដោយ​ការ​ប្រើ​សាប៊ូ​ងូត​​ទឹក ឬ​សាប៊ូ​ដុំ​ដែល​មាន​ក្លិន​ក្រអូប​​ដែល​អាច​កម្ចាត់​បាក់តេរី​ដោយ​ផ្ទាល់។ ក្រោយ​ងូត​ទឹក​ហើយ គួរ​ជូត​ខ្លួន​ឲ្យ​ស្អាត ហើយ​ចាំ​ស្លៀក​សម្លៀក​បំពាក់​ដែល​ស្រាល​ស្រួល​ខ្លួន។

២. សម្លៀក​បំពាក់​ត្រូវ​ស្អាត

សម្លៀក​បំពាក់​ដែល​យើង​ត្រូវ​ស្លៀក​ពាក់​រាល់​ថ្ងៃ ត្រូវ​បោក និង​សម្អាត​ជា​ប្រចាំ និង​គួរ​ជ្រើសរើស​ប្រើ​​ទឹក​ក្រអូប​ដើម្បី​ឲ្យ​សម្លៀក​បំពាក់​ទន់ ហើយ​ក្រអូប​។ ជា​ពិសេស​ត្រូវ​ជ្រើសរើស​សម្លៀក​បំពាក់​ណា​ដែល​ជ្រាប​ញើស​បាន​ល្អ និង​ឆាប់​ស្ងួត បើ​អ្នក​មាន​បញ្ហា​បែប​នេះ។

៣. ចៀសវាង​អាហារ​ដែល​មាន​ក្លិន​ខ្លាំង

អាហារ​ដែល​គួរ​ចៀសវាង​នោះ​រួម​មាន ម្សៅ​ការី ខ្ទឹម​ស ស្អំ កន្ធំថេត ទុរេន រួម​ទាំង​ ស៊ុត សូកូឡា​និង​ភេសជ្ជៈ​នានា​ដែល​មាន​ជាតិ​អាល់កុល ព្រោះ​អាហារ​ទាំង​អស់​នេះ​​សុទ្ធ​តែ​អាច​នាំ​ឲ្យ​កើត​ក្លិន​មិន​ល្អ។

៤. បាញ់​ទឹក​អប់​បំបាត់​ក្លិន

ការ​បាញ់​ទឹក​អប់​អាច​ជួយ​បំបាត់​ក្លិន​បាន​ល្អ ប៉ុន្តែ​ការ​ជ្រើសរើស​ទឹក​អប់ គួរ​ជ្រើស​យក​ក្លិន​ស្រាល​ៗ​​ល្មម​ ដូច​ជា​ក្លិន​ផ្កា ក្លិន​រុក្ខជាតិ ឬ​តែ​បៃតង ដែល​ជា​ក្លិន​ធម្មជាតិ​បំផុត។

៥. គ្រប់គ្រង​របប​អាហារ

ការ​គ្រប់គ្រង​របប​អាហារ​កុំ​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង​ពេក​អាច​ជួយ​បំបាត់​ក្លិន​ខ្លួន​បាន ព្រោះ​ថា​បើ​ទម្ងន់​យើង​កាន់​តែ​ច្រើន រាង​កាយ​យើង​នឹង​កាន់​តែ​ក្ដៅ ឆាប់​ហត់​នឿយ និង​ស្អិត​ខ្លួន។

៦. ប្រើ​សារធាតុ​បន្ថយ​ក្លិន

សារធាតុ​កាត់​បន្ថយ​ញើស ឬ​បន្ថយ​ក្លិន​ទី​នេះ​គឺ​សំដៅ​លើ សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​​ក្រពេញ​ញើស​ធ្វើ​ការ​តិច​ជាង​មុន ញើស​តិច​ជាង​មុន ដោយ​វិធី​នេះ​មនុស្ស​ភាគ​ច្រើន​និយម​ប្រើ រ៉ូលអន ឬ​ស្ប្រ៉ាយ ដើម្បី​បំបាត់​ក្លិន​រាងកាយ ៕


ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន