​កុំ​បាក់​ទឹក​ចិត្ត! ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ​អាច​ជា​បទពិសោធន៍​ដ៏​​ល្អ​ក្នុង​ជីវិត​ ព្រោះ​ហេតុផល​៣​យ៉ាង

  • 2018-01-13 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​​ទូទៅ ការ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ​ប្រហែល​ជា​​រឿង​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​ការងារ​ហើយ​។ ប៉ុន្តែ​អ្វី​ក៏​ដោយ វា​តែងតែ​​​មាន​​គុណសម្បត្តិ និង​គុណវិបត្តិ​រៀងៗ​ខ្លួន​។​ នៅ​ពេល​ដែល​ក្រុមហ៊ុន​លែង​ត្រូវការ​អ្នក បញ្ជាក់​ថា​អ្នក​គឺ​ជា​បុគ្គលិក​អស់​តម្លៃ​ គ្មាន​សមត្ថភាព​គ្រប់គ្រាន់​​​សម្រាប់​មុខតំណែង​នោះ​ ប៉ុន្តែ​សូម​កុំ​បាក់​ទឹក​ចិត្ត​​ខ្លាំង​ពេក ព្រោះ​ហេតុផល​៣​យ៉ាង​ខាង​ក្រោម នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​អារម្មណ៍​ចំពោះ​មេរៀន​ល្អៗ​មួយ​ចំនួន​ដែល​​​​អ្នក​ទទួល​បាន​ពី​​បរាជ័យ​មួយ​នេះ​៖​

១. ជួយ​ពង្រឹង​ស្មារតី​អ្នក​ឲ្យ​រឹងមាំ​​ជាង​មុន​

ការ​​ប្ដេជ្ញា​​​​យ៉ាង​មាន​ទំនុក​ចិត្ត នៅ​ថ្ងៃ​ដែល​អ្នក​​កាន់​ដំណែង​ថ្មី ត្រូវ​បាន​ថមថយ​បន្តិច​ម្ដងៗ ដោយសារ​តែ​​មិត្ត​រួម​ក្រុម​មិន​ផ្ដល់​ការ​សហការ​គ្រប់គ្រាន់​។ អារម្មណ៍​បាក់​ទឹក​ចិត្ត លែង​មាន​ជំនឿ​លើ​ខ្លួន​ឯង កើត​ឡើង​ដោយសារ​តែ​ការ​​ពេប​ជ្រាយ តាម​ចាប់​កំហុស និង​ការ​​រិះគន់​មិន​ឈប់ឈរ​ពី​អ្នក​ជុំវិញ​។ ប៉ុន្តែ​ក្រោយ​​ឆ្លង​កាត់​រឿង​នេះ​ អ្នក​​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី​​ដែល​រឹងមាំ​ជាង​មុន​។ ​អ្នក​ដឹង​ថា​អ្នក​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ​ រឹត​តែ​មិន​​អាច​​បំបិទ​សិទ្ធិ​ពួកគេ​​មិន​ឲ្យ​និយាយ​បាន​ទៀត​​។ ដូច្នេះ​​​ការ​តាំង​ចិត្ត​​ថ្មី​គឺ​​អ្នក​​​លែង​បណ្ដោយ​ឲ្យ​ទស្សនៈ​របស់​អ្នក​ដទៃ​ មក​រារាំង​​គោលដៅ​អ្នក​បាន​​ដូច​​ពី​​មុន​​ទៀត​​ហើយ​។​

២. ចាប់ផ្ដើម​ស្មោះត្រង់​ជាមួយ​ខ្លួន​ឯង​

អ្នក​​រៀន​ទទួល​ស្គាល់​ពី​សមត្ថភាព​មាន​កម្រិត​របស់​ខ្លួន ចំពោះ​ការងារ​នោះ​។ បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​បាន​ដឹង​ពី​ចំណុច​ខ្សោយ​ខ្លួន​ឯង​មួយ​ចំនួន​​​ធំ ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។ អ្នក​ចាប់ផ្ដើម​ ស្វែងរក​ដំណោះស្រាយ ដើម្បី​លុប​​បំបាត់ ឬ​​កែប្រែ​វា​ឲ្យ​ក្លាយ​ជា​ចំណុច​ខ្លាំង​វិញ​​។​ មួយ​វិញ​ទៀត អ្នក​ប្រហែល​ជា​យល់​ច្បាស់ ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ រវាង​​ប្រាក់ខែ​ច្រើន និង​​​ភាព​រីករាយ​ដែល​ការងារ​អាច​ផ្ដល់​ឲ្យ​ តើ​មួយ​​ណា​ដែល​​អ្នក​គួរ​តែ​ជ្រើសរើស​​​​​យក​សម្រាប់​ឱកាស​ក្រោយ​។​

៣. លែង​ខ្លាច​ហានិភ័យ​

កាល​ពី​មុន អ្នក​ប្រហែល​ជា​មនុស្ស​ដែល​ពូកែ​​ខ្លាច មិន​សូវ​ហ៊ាន​ប្រថុយ​ប្រថាន ប៉ុន្តែ​ក្រោយ​ពី​ជួប​រឿង​នេះ​ហើយ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី​ដែល​ក្លាហាន​ជាង​មុន​ឆ្ងាយ​​។ ទោះ​​ជា​អ្នក​បរាជ័យ​លើក​នេះ ប៉ុន្តែ​អ្នក​បាន​ប្រឹងប្រែង​​អស់​ពី​សមត្ថភាព ដូច្នេះ​អ្នក​ក៏​គ្មាន​អ្វី​ត្រូវ​ស្ដាយក្រោយ​ដែរ​។ ការ​ភ័យ​ព្រួយ​បារម្ភ​លែង​ជា​​ឧបសគ្គ​សម្រាប់​អ្នក​ទៀត​ហើយ ដូច្នេះ​ត​ទៅ​មុខ​ទៀត មិន​ថា​ត្រូវ​ជួប​រឿង​លំបាក ឬ​ហានិភ័យ​ខ្លាំង​ប៉ុណ្ណា ក៏​អ្នក​មិន​រួញរា​​និង​​សាង​ស្នាដៃ​​ដើម្បី​សម្រេច​ជោគជ័យ​​ដែល​ខ្លួន​ចង់​បាន​ដែរ​ ៕

ប្រភព៖ Careergirldaily ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម