ប្រញាប់​បញ្ឈប់! ទម្លាប់​អាក្រក់ ​៨​យ៉ាង​​ពេល​គេង​ដែល​អាច​បង្ក​គ្រោះ​ធ្ងន់ធ្ងរ​​ដល់​សុខភាព

  • 2018-01-10 09:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ទម្លាប់​អាក្រក់​មុន​ចូល​គេង​ជា​ច្រើន​ដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​ពួក​គេ​ក៏​​​មិន​បាន​ដឹង​ថា​វា​ជា​ទម្លាប់​អាក្រក់ និង​​​ប៉ះពាល់​សុខភាព​​ឡើយ។ ខាង​ក្រោម​នេះ​ គឺ​ទម្លាប់​មុន​ចូល​គេង​ចំនួន ៨ដែល​អ្នក​គួរ​ចៀសវាង ព្រោះ​ថា​បើ​សិន​បន្ត​ធ្វើ​វា​ច្រើន​លើក​ច្រើន​សា​ វា​នឹង​​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុខភាព​ និង​ធ្វើ​ឲ្យ​ដំណេក​​របស់​អ្នក​​រង​ការ​រំខាន ក៏​ដូច​ជា​គ្មាន​គុណភាព៖

១. ញ៉ាំ​អី​មុន​ចូល​គេង

អ្នក​គួរ​ញ៉ាំ​អាហារ​ពេល​ល្ងាច​យ៉ាង​ហោច ២​ទៅ​៣​ម៉ោង​មុន​ចូល​គេង ហើយ​ក្រោយ​ពី​នោះ​ គួរ​កុំ​ញ៉ាំ​អ្វី​​ទៀត​ឡើយ ពុំ​ដូច្នោះ​ទេ​វា​នឹង​បង្ក​បញ្ហា​ដល់​ការ​រំលាយ​អាហារ ខណៈ​ដែល​អ្នក​គេង​លក់។

២. ហាត់​ប្រាណ​មុន​ចូល​គេង

ការ​ហាត់​ប្រាណ​រាល់​ថ្ងៃ​គឺ​ជា​រឿង​ល្អ ហើយ​ក៏​ចាំបាច់​ដែរ សម្រាប់​សុខភាព និង​រាងកាយ​រឹង​មាំ។ ប៉ុន្តែ​បើ​ហាត់​ប្រាណ​ច្រើន​ហើយ​ចូល​គេង​ភ្លាម​ៗ​នោះ​ វា​នឹង​​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់ ឬ​គេង​លក់​មិន​ស្កប់។

៣. ទុក​ឲ្យ​ជើង​រងា

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​​ប្រអប់​ជើង​ត្រជាក់​​ហើយ​សើម អ្នក​អាច​ពាក់​ស្រោម​ជើង​មុន​ចូល​គេង​ដើម្បី​រក្សា​កម្ដៅ និង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្ងប់។

៤. ផឹក​កាហ្វេ​មុន​ចូល​គេង

មុន​ចូល​គេង​ កុំ​ញ៉ាំ​កាហ្វេ​ឲ្យ​សោះ។ អ្នក​អាច​ផឹក​វា​ក្នុង​ចន្លោះ ៧ទៅ៨​ម៉ោង​មុន​ចូល​គេង ប៉ុន្តែ​ចៀស​វាង​ញ៉ាំ ៤ទៅ៥​ម៉ោង​មុន​ចូល​គេង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ ឬ​លក់​មិន​ស្ងប់។

៥. ឥរិយាបថ​គេង​មិន​ល្អ

ព្យាយាម​គេង​បែរ​ចំហៀង​ឲ្យ​បាន​ច្រើន​ព្រោះ​​វា​​ជា​ឥរិយាបថ​គេង​ដែល​ល្អ​សម្រាប់​សុខភាព​អ្នក។ ដោយ​ឡែក​ឥរិយាបថ​គេង​ដែល​ត្រូវ​ចៀសវាង​បំផុត​នោះ​គឺ​ការ​គេង​ផ្កាប់ ដែល​ធ្វើ​ឲ្យ​​ពិបាក​ដល់​​ការ​ដក​ដង្ហើម។

៦. ផឹក​​ទឹក​ច្រើន​មុន​ចូល​គេង

ផឹក​ទឹក​ច្រើន​មុន​ចូល​គេង អាច​រំខាន​ដល់​ដំណេក​របស់​អ្នក ព្រោះ​ថា​អ្នក​នឹង​ត្រូវ​ងើប​ចូល​បន្ទប់​ទឹក​ញឹកញាប់។

៧. ប្រើ​របស់​អេឡិចត្រូនិក​មុន​ចូល​គេង

ពន្លឺ​ពី​អេក្រង់​​ទូរសព្ទ ឬ​កុំព្យូទ័រ​​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​អ្នក​​គេង​មិន​ស្ងប់ ហើយ​ក៏​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​ផង​ដែរ។ សារធាតុ​វិទ្យុសកម្ម​ក៏​គ្រោះថ្នាក់​ណាស់​ដែរ​ដល់​សុខភាព​អ្នក ដូច្នេះ​សូម​កុំ​ទុក​ទូរសព្ទ​ជាប់​ខ្លួន​ពេក​ពេល​អ្នក​គេង។

៨. ប្រើ​ពូក​គ្មាន​គុណភាព

ការ​គេង​ពិត​ជា​សំខាន់​សម្រាប់​សុខភាព ដូច្នេះ​អ្នក​គួរ​ចំណាយ​លុយ​ខ្លះ​ដើម្បី​ទិញ​ពូក​ដែល​ល្អ​មួយ​​​ដែល​អាច​​ផ្ដល់​នូវ​ដំណេក​ដែល​មាន​ផាសុកភាព​សម្រាប់​ខ្លួន​ឯង។ ពូក​មិន​ល្អ មិន​ត្រឹម​តែ​ផ្ដល់​ការ​រំខាន​ដល់​ដំណេក​របស់​អ្នក​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​​មាន​បញ្ហា​ដល់​ឆ្អឹង​ខ្នង​របស់​អ្នក​ផង​​ដែរ ៕

ប្រភព៖ blognews ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម